(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៩.១២.២០២៣ លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន ចំពោះកំហុសឆ្គង់របស់ខ្លួន លើកឡើងប៉ះពាល់ដល់ កិត្តិយសរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

គួរម្លឹកថាថ្មីៗនេះ ប្រជាពលរដ្ឋនៅភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណជាង១០០គ្រួសារ.!។

បានប្ដឹងទៅក្រសួងមហាផ្ទៃ សុំផ្លាស់ប្ដូរលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមនិងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ចេញពីមុខតំណែង។

ដោយពួកគាត់អះអាងថា«លោក អ៊ុំ រាត្រី លោក ង៉ោ ម៉េងជ្រួន អសមត្ថភាពក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋ ឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើទុក្ខបុកម្នេញ ចាប់ប្រជាពលរដ្ឋដាក់គុក និងសកម្មភាព បំពានច្បាប់ជាអាទិ៍»។

នេះបើយោងតាមលិខិតបណ្ដឹង របស់ពលរដ្ឋដែលគោរពជូន ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩.១១.២០២៣។

នៅក្នុងលិខិតនោះ បានបញ្ជាក់ថា ពលរដ្ឋមានទំនាស់ជិត២០ឆ្នាំមកហើយ មិនមានអាជ្ញាធរចុះដោះស្រាយនោះទេ។ ជាពិសេសនៅអាណត្តិលោក អ៊ុំ រាត្រី ជាអភិបាលខេត្ត និងលោក ង៉ោ ម៉េងជ្រួន ជាអភិបាលរងខេត្ត គឺមិនអើពើដោះស្រាយបញ្ហា ឱ្យពួកគាត់នោះទេ!។ បែរជាឃុបឃិតគ្នា ឱ្យតំណាង”សមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ”ដែលមានលោក ឱក សុផាន រួមនិងបក្ខពួក ធ្វើទុក្ខបុកម្នេញគំរាមសំឡុត និងចាប់ពលរដ្ឋដាក់គុកជាហូរហែ ដោយមិនឱ្យពួកគាត់ រស់នៅបានសុខនោះឡើយ។

មិនតែប៉ុណ្ណោះ អាជ្ញាធរខេត្តបានរៀបចំឱ្យលោក សេង ចាន់ឌី មេភូមិចាន់គិរី យកដីរបស់ពួកគាត់ ទៅលក់ឱ្យទៅអ្នកផ្សេង ធ្វើមានធ្វើបានតាមតែទំនើងចិត្ត!។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំសម្របសម្រួល ដើម្បីបញ្ចប់វិវាទរវាង”សមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ”ជាមួយប្រជាពលរដ្ឋ ដែលបានកាន់កាប់អាស្រ័យផលដី ជាង២ទសវត្ស ទំហំ១៧២ហិកតា។

ប៉ុន្តែដំណោះស្រាយនោះ ពុំមានយុត្តិធម៌ និងគ្មានតម្លាភាពឡើយ ដោយគណៈកម្មការខេត្ត បានឱ្យតំណាង សមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ ចូលរួមដោះស្រាយ និងតម្រូវឱ្យប្រជាពលរដ្ឋ ធ្វើការពុះបែងចែកដី ដែលពួកខ្លួន កំពុងកាន់កាប់អាស្រ័យផល ជា២ចំណែក។

ពលរដ្ឋបញ្ជាក់ថា ការដោះស្រាយមួយបែបទៀត គឺគណៈកម្មការខេត្ត ឱ្យពលរដ្ឋធ្វើលិខិត សះជាបញ្ចប់ជម្លោះ!។ តែតម្រូវឱ្យពួកគាត់ បង់លុយទៅ”សមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ”ក្នុង១ម៉ែត្រការ៉េ ១០ដុល្លារ ទៅ១២ដុល្លារ តាមទំហំដីកាន់កាប់ជាក់ស្ដែង ។

ដោយសន្យា នឹងចេញប័ណ្ណកម្មសិទ្ធស្របច្បាប់ ជូនប្រជាពលរដ្ឋ ឱ្យលឿនបំផុត តាមដែលអាចធ្វើទៅបាន..!។ ចំពោះប្រជាពលរដ្ឋ ដែលមិនព្រមបែងចែកដីរបស់ខ្លួន ជា២ចំណែកជាមួយខាង”សមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ”ឬមិនព្រមបង់លុយក្នុង១ម៉ែត្រការេ ពី១០ដុល្លារ ទៅ ១២ដុល្លារនោះ។ គឺត្រូវបានអាជ្ញាធរខេត្ត ក្រោយការដឹកនាំផ្ទាល់ពីលោក ង៉ោ ម៉េងជ្រួន គំរាមសម្លុត ប្ដឹងទៅតុលាការ ចាប់ដាក់គុកជាហូរហែ រហូតដល់បច្ចុប្បន្ន.!។

ចំណែកប្រជាពលរដ្ឋ ដែលបានបង់លុយឱ្យ ទៅខាងអាជ្ញាធរខេត្ត និង”សមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ”អស់រាប់ពាន់ រាប់ម៉ឺនដុល្លារហើយនោះ។ គឺនៅពុំទាន់ទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ តាមការសន្យារបស់អាជ្ញាធរ នៅឡើយទេ។

ប្រជាពលរដ្ឋបញ្ជាក់ទៀតថា អ្នករស់នៅខេត្តបន្ទាយមានជ័យ ដែលមានជីវភាពខ្សត់ខ្សោយ បានរងនូវអំពើអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរដោយសារទំនាស់ដីធ្លី ដែលបង្កឡើងដោយអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្ត ព្រោះការឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើស៊ីដីប្រជាពលរដ្ឋ ផ្សេងៗទៀតរាប់មិនអស់។

ពោលគឺ នៅពេលដែលប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹង សុំអន្តរាគមន៍ ឬចេញមតិតវ៉ាផ្សេងៗ សុទ្ធតែត្រូវបានគំរាមសម្លុតចាប់ដាក់គុក ពីសំណាក់អាជ្ញាធរខេត្តបន្ទាយមានជ័យ និងបក្ខពួកជាហូរហែ។

ម្លោះហើយទើបពលរដ្ឋ ស្នើឱ្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មេត្តាពិនិត្យ និងផ្លាស់ប្តូរលោក អ៊ុំ រាត្រី និងលោក ង៉ោ ម៉េងជ្រួន ចេញពីតួនាទីដោយក្ដីអនុគ្រោះ!។

-រាល់ការចោទប្រកាន់ខាងលើ កាលពីព្រឹកទី១១.១២.២០២៣លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់ឲ្យដឹងថា រឿងប្ដឹងផ្ដល់នេះ សុទ្ធតែជារឿងមិនពិតទាំងអស់.!។

លោកថា រឿងទំនាស់មួយចំនួនតូច ដែលដោះមិនទាន់ចេញ គឺមកពីជម្លោះផ្ទៃក្នុង។

លោក ង៉ោ ម៉េងជ្រួន បន្ថែមថា គេប្ដឹងជាសិទ្ធរបស់គេ សំខាន់លោកមិនធ្វើខុស ខណៈលោកអនុវត្តតាមគោលការ និងបែបបទរដ្ឋបាលត្រឹមត្រូវ។

លោកអភិបាលរងខេត្ត បញ្ជាក់ថា នៅក្នុងរូបភាពវីដេអូនោះ រូបខ្លះជារូបចាស់ ដែលបានដោះស្រាយចប់។ ហើយក្នុងនោះ ក៏មានពលរដ្ឋមួយចំនួន ប្រតិកម្មចំពោះរូបភាពចាស់របស់ពួកគាត់ផងដែរ។

ករណីក្រុមពលរដ្ឋអ្នកចោទប្រកាន់ -ហើយមន្ត្រីអ្នកបដិសេធនេះដែរ សារព័ត៌មានមិនធ្វើការវិនិច្ឆ័យ ឬសន្និដ្ឋានឡើយ! ដោយទុកឱ្យសមត្ថកិច្ចជំនាញ ស្រាវជ្រាវរកការពិតជាក់ស្ដែងទៅចុះ។

ខណៈបណ្ដឹងរបស់ពលរដ្ឋនេះ បានដល់អគ្គាធិការដ្ឋានហើយ និងកំពុងស្រាវជ្រាវផងដែរ៕