ទីស្ដីការក្រសួងមហាផ្ទៃ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងលោកជំទាវ​ កែ​ សួនសុភី​ ស​ សុខា​ នៅព្រឹកថ្ងៃទី១២​ ខែមករា​ ឆ្នាំ២០២៤នេះ​ បានអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រកាសតែងតាំងប្រធានកិត្តិយស អនុប្រធានកិត្តិយស និងកែសម្រួលសមាសភាពក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងស្តាប់​សេចក្តី​រាយការ​ណ៍​​អំពីវឌ្ឍនភាព ការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់ក្រុមការងារយេនឌ័រ​។ 


ជាកិច្ចចាប់ផ្ដេីម​ លោកជំទាវ អ៊ុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ​ក្រសួងមហាផ្ទៃ បានធ្វេីសេចក្តី​រាយការ​ណ៍​​អំពីវឌ្ឍនភាព ការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងបន្តដោយការប្រកាសតែងតាំងលោកជំទាវ​ កែ​ សួនសុភី​ ជាប្រធានកិត្តិយសក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ ព្រមទាំងតែងតាំង​ និងកែសម្រួលសមាសភាពថ្នាក់ដឹកនាំ​ និងសមាជិកក្រុមកាងារយេនឌ័រក្រសួងមហាផ្ទៃមួយចំនួនទៀត។ 


ក្នុងឱកាសនោះ​ លោកជំទាវ​ កែ​ សួនសុភី​  ស​ សុខា បានថ្លែងអំណរគុណឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង​ថ្នាក់ដឹកនាំទាំងអស់ដែលបានផ្តល់សេចក្តីទុកចិត្ត និងផ្តល់កិត្តិយសតែងតាំងលោកជំទាវ​ ជាប្រធានកិត្តិយសក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ។​ លោកជំទាវក៏បានប្រកាសប្ដេជ្ញាចិត្ត​ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបំពេញតួនាទីភារកិច្ច ដែល​ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានប្រគល់ជូនប្រកបដោយគណនេយ្យភាព​ ជាមួយនិងការដាក់ចេញផែនការគន្លឹះមួយចំនួនទៀត។ 


អញ្ជេីញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ​ ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានចូលរួមអបអរសាទរប្រកបដោយជំនឿចិត្តខ្ពស់ចំពោះលោកជំទាវប្រធានកិត្តិយស​ អនុប្រធានកិត្តិយស​ ព្រមទាំងសមាជិកក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ​ ថានឹងបន្តធ្វេីឱ្យការងារយេនឌ័រក្រសួងមហាផ្ទៃ​ សម្រេចបានសមិទ្ធិផលល្អប្រសេីរបន្ថែមទៀត​ បន្តពីអាណត្តិនៃការដឹកនាំរបស់សម្ដេចក្រឡាហោម​ ស​ ខេង​ អតីតឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ 


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ បានចាត់ទុកពិធីប្រកាសនាពេលនេះថាជាឱកាសដ៏វិសេសវិសាល ​ដែលយើងអាចចាប់ផ្តើមស្វែងយល់អំពីគ្នា​ បំពេ​ញ​ការ​ងា​រ​រួមគ្នា និងបន្តខិតខំប្រឹងប្រែងទាំងអស់គ្នា រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ដើម្បី​បន្តនិរ​ន្ត​រ​ភាព​ការ​ងារ​ពីថ្នាក់ដឹកនាំជំនាន់មុន ព្រមទាំង​ខិតខំរិះរក​មធ្យោបា​យថ្មី វិធីសាស្ត្រថ្មី​​ ការធ្វើឌីជីថលូបនីយកម្ម​ការងារ​ ដើម្បី​សម្រេ​ច​ឱ្យបាន​ស្នាដៃថ្មី​ៗ និងសមិទ្ធិផលថ្មីៗបន្ថែមទៀត ​ស្រប​តាមកម្មវិ​ធី​នយោ​បាយ ក៏ដូចជា​យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។​ 


ប្រមុខក្រសួងមហាផ្ទៃ​ ក៏បានបង្ហាញការកត់សម្គាល់​ និងបញ្ជាក់ពីការផ្តល់អាទិភាពខ្ពស់ដល់ការអនុវត្តការងារឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដែលមានទស្សនៈវែងឆ្ងាយ អនុញ្ញាតឱ្យស្ត្រីទទួលបានសិទ្ធិមានជម្រើសក្នុងការដឹកនាំជីវិតរបស់ខ្លួន និងមានកាលានុវត្តភាព ចូលរួមប្រកបដោយសក្តានុពល ក្នុងកិច្ចអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។


ជាមួយគ្នានេះ​ ឯកឧត្តមក៏បានទាញចំណាប់អារម្មណ៍អង្គពិធី​ នូវប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​ កម្ពុជា​ ដែលកាលពីពេលថ្មីៗនេះ​ បានថ្លែងក្នុងពិធីបើកមហាសន្និបាត មិត្តកាយឬទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក ថា «ពិភពលោកនឹងកាន់តែសុវត្ថិភាព​ ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។ 


ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ក៏បានផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួន​ ក្នុងនោះ​ ឯកឧត្តមបានស្នេីលោកជំទាវប្រធានកិត្តិយស អនុប្រធានកិត្តិយស ប្រធានក្រុមការងារយេនឌ័រ និងថ្នាក់ដឹកនាំក្រុមការងារយេនឌ័រ ដែលទើបប្រកាសតែងតាំងនៅថ្ងៃនេះ ប្រជុំពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយបញ្ហាប្រឈមនានា​ ដោយក្នុងករណីមិនអាចរកដំណោះស្រាយបាន សូមរាយការណ៍មកថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីរួមគ្នាដោះស្រាយឱ្យបានទាន់វេលា​ និងប្រកបដោយប្រសិទ្ធភាព៕