ព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើង  លើផ្លូវជាតិលេខ៤ មុខការ៉ាស់ហ្គាស់ LPG 24h ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បុរសជនជាតិចិនម្នាក់ ត្រូវភ្លើងឆេះរបើកស្បែកទាំងផ្ទាំងៗរងរបួសធ្ងន់ធ្ងរមើលទៅញាក់សាច់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូដឹកប៊ីដុងសាំង បើកបុកជាមួយម៉ូតូរ៉ឺម៉កកង់បីក្នុងទិសដៅស្របគ្នា។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាននិយាយថា ម៉ូតូទាំង២គ្រឿងនេះបើកបរទិសដៅស្របគ្នាពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុភាគីខាងម៉ូតូរ៉ឺម៉កកង់បីដែលបើកដោយបុរសជនជាតិចិន បានបត់ស្តាំចូលការ៉ាស់ហ្គាស់ ស្របពេលនោះដែរក៏ឃើញមានម៉ូតូដឹកសាំងមួយគ្រឿងទៀតបើកមកពីក្រោយ ហើយក៏បុកជាមួយម៉ូតូកង់បីនៅខាងមុខបណ្តាលឱ្យបែកប៊ីដុងហូរសាំងប៉ើងស្រោចពីលើជនរងគ្រោះហើយផ្ទុះចេញជាផ្កាភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។

ករណីនេះបង្កឲ្យមានមនុស្សប្រុស២នាក់រងរបួស ក្នុងនោះបុរសជនជាតិចិនម្នាក់រងរបួសធ្ងន់ធ្ងរនិងបុរសម្នាក់ជនជាតិខ្មែររងរបួសមធ្យម។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់នេះមានឈ្មោះ ១. អ្នកបើកបរម៉ូតូរ៉ឺម៉កកង់បីឈ្មោះ HE CAIDAO ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិចិន មុខរបរ កម្មករ នៅក្រុមហ៊ុន ស៊ីអិន ហ្ស៊ីយ័ន ដរ អ៊ិនដាសស្ទ្រី ឯ.ក (លក់គ្រឿងសង្ហារឹម) បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (រងរបួសធ្ងន់ឆេះដងខ្លួន សម្រាកព្យាបាលនៅមន្ទីរពេទ្យចិន យីហោ ថុងជិ)។ ២.អ្នកបើកបរម៉ូតូឈ្មោះ អ៊ុំ ណៃស៊ាត ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកប្រេងសាំង មានស្រុកកំណើត ឃុំជីមាន់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅភូមិ៥ (អូរ៥) សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (រងរបួសធ្ងន់ឆេះដៃខាងឆ្វេង សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ)។

វត្ថុតាង ម៉ូតូរ៉ឺម៉កកង់បីនិងម៉ូតូ បានយកទៅរក្សាទុកនៅនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុដើម្បីដោះស្រាយតាមផ្លូវច្បាប់៕