ខេត្តបាត់ដំបង ៖ អាជីវករលក់សាច់ជ្រូកម្នាក់ត្រូវលោកចោរគាស់ផ្ទះចូលលួចលុយអស់ចំនួន០៩លានរៀលទាំងព្រឹក ខណៈដែលគាត់បិទទ្វារផ្ទះទុកចោលរវល់ទៅលក់សាច់ជ្រូកនៅផ្សារដែលកើតឡើងនៅថ្ងៃទី២៨ មករា នៅចំណុចភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ហើយបានដឹងនៅពេលគាត់ត្រឡប់មកពីផ្សារវិញ ។


សេចក្ដីរាយការណ៍បានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ សេង តឿ ភេទស្រី អាយុ៥០ឆ្នាំ មានមុខរបរលក់សាច់ជ្រូក រស់នៅចំណុចកើតហេតុ ។នៅព្រឹកកើតហេតុ គាត់បានបិទទ្វារផ្ទះចាក់សោរួចក៏ចេញទៅលក់សាច់ជ្រូកនៅផ្សារ តែពេលត្រឡប់មកពីផ្សារវិញ ស្រាប់តែឃើញសោទ្វាររបើកមានស្នាមការផ្ដាច់ លុះចូលដល់ក្នុងផ្ទះក៏ឃើញក្នុងផ្ទះត្រូវគេរើរប៉ាត់រប៉ាយហើយកូនជ្រូកដែលគាត់សន្សំលុយក៏ត្រូវចោរបោកកម្ទេចយកលុយអស់ទៀត ទើបមានការភ្ញាក់ផ្អើលតែម្ដង ។


បើតាមជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា គាត់បានបាត់លុយសរុបចំនួន០៩លានរៀល ក្រៅ

ពីនេះពុំមានបាត់បង់ទេ ។ សាក្សីដែលស្ថិតក្នុងហេតុការណ៍ណ៍នេះ បាននិយាយថា គេឃើញជនមិនស្គាល់អត្តសញ្ញាណពីរនាក់ បានជិះម៉ូតូចូលទៅកាន់ផ្ទះជនរងគ្រោះ តែគេមិនបានចាប់អារម្មណ៍ទេ ព្រោះគេនឹកស្មានថា ជាសាច់ញាតិម្ចាស់ផ្ទះ ។ លុះបន្តិចក្រោយមក គេក៏ឃើញជនទាំងពីរនាក់នោះជិះចេញបាត់ទៅ ។ ប៉ុន្តែនៅពេលម្ចាស់ផ្ទះផ្អើលឆោឡោថា មានចោរគាស់ផ្ទះ ទើបគេដឹងថា ជនទាំងពីរនាក់នោះជាចោរ។មន្ត្រីបានចុះទៅពិនិត្យទីតាំងកើតហេតុ ក្រោយពីម្ចាស់ផ្ទះបានរាយការណ៍។


បើតាមសមត្ថកិច្ចបានឱ្យដឹងថា មន្ត្រីជំនាញបានត្រួតពិនិត្យកន្លែងកើតហេតុហើយ តែចំពោះមុខសញ្ញាជនសង្ស័យហាក់មិនទាន់មានតម្រុយទេ បើទោះជាគេបានប្រទះឃើញជនពីរនាក់ បានចូលធ្វើសកម្មភាពគាស់ផ្ទះជនរងគ្រោះក្ដី ។ ប៉ុន្តែយ៉ាងណា ពេលនេះ សមត្ថកិច្ចបាននិងកំពុងធ្វើការស្រាវជ្រាវតាមរកមុខសញ្ញាជនសង្ស័យហើយ ៕