ឯកឧត្តម ប្រាក់ ងួនហុង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា និងលោកជំទាវ មីឆេល ចាន់ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានធ្វើជាសហប្រធានដឹកនាំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី៤ រវាងប្រទេសទាំងពីរ។ ងកិច្ចពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួម ពីសំណាក់ ឯកអគ្គរាជ/រដ្ឋទូតនៃប្រទេសទាំងពីរ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានប្រព្រឹត្តនៅរាជធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា ក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី៤ខាងលើ ភាគីកម្ពុជា បានកោតសរសើររដ្ឋាភិបាលអូស្ត្រាលី សម្រាប់ភាពជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងសកម្ម ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ រដ្ឋាភិបាលអូស្ត្រា លីបានផ្ដល់ជំនួយអភិវឌ្ឍន៍ ផ្លូវការដល់កម្ពុជា ដែលមានទឹកប្រាក់ជាង ១ ប៊ីលានដុល្លារអាមេរិក គាំទ្រដល់វិស័យអាទិភាពដូចជា អប់រំ ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ យេនឌ័រ អភិបាលកិច្ច ការប្រែប្រួល អាកាសធាតុ និងការបោសសម្អាតមីន។

 ភាគីអូស្ត្រាលី បានគូសបញ្ជាក់ពីបំណង ចង់ឱ្យមានភាពជា ដៃគូទំនើប និងចាស់ទុំ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងគូសបញ្ជាក់ពីការរៀបចំ សេចក្តីព្រាងផែនការភាពជាដៃគូអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០២៤-២០២៨ ដែលផែនការនេះ ស្របតាម គោលនយោបាយអភិវឌ្ឍន៍អន្តរជាតិថ្មីរបស់អូស្ត្រាលី និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕ (ផេកក្រសួងព័ត៌មាន)