សម្រេចឃុំខ្លួនចាងហ្វាងកាសែត ម្នាក់ ជាបណ្តោះអាសន្ន ករណីប្រើប្រាស់ឯកសារក្លែងក្លាយ - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, May 27, 2024

សម្រេចឃុំខ្លួនចាងហ្វាងកាសែត ម្នាក់ ជាបណ្តោះអាសន្ន ករណីប្រើប្រាស់ឯកសារក្លែងក្លាយ

(រតនគិរី)៖  សម្រេចឃុំខ្លួន លោក សុង គីមហេង អាយុ៤២ឆ្នាំ មុខរបរចាងហ្វាងកាសែត «រាជសីឦសាន» រស់នៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ជាបណ្តោះអាសន្ន នៅពន្ធនាគារភ្នំស្វាយ។

លោក សុង គីមហេង ត្រូវបានជាប់ចោទពីបទ ចរាចរណ៍យានជំនិះ ដោយប្រើស្លាកលេខសម្គាល់យានជំនិះ ដោយដឹងថាជាឯកសារក្លែងក្លាយ និងប្រើប្រាស់ឯកសារសាធារណៈក្លែង មាត្រា៧៨ នៃច្បាប់ចរាចរណ៍ផ្លូវគោក និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាម លោក កែវ ពិសុទ្ធ អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី ថ្លែងប្រាប់ភ្នាក់ងារ  នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានប្រគល់ជនសង្ស័យម្នាក់ ឲ្យមក កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល ដែលពាក់ពន្ធ័ករណីប្រើប្រាស់ឯកសារក្លែងក្លាយ (ស្លាកលេខក្លែងក្លាយ)។

ប្រតិបត្តិការខាងលើដឹកនាំបញ្ជាដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តរតនគិរី។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តរតនគិរី ប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង ៩៖៥០នាទីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានឃាត់សួរនាំរថយន្តមួយគ្រឿង ម៉ាក នីសាន់ម៉ាច ពាក់ស្លាកលេខ 2BB-1064 ចង្កូតស្តាំ ពណ៌ទឹកប្រាក់ ឆ្នាំផលិត១៩៩៩ នៅចំណុចកែងមន្ទីរហិរញ្ញវត្ថុ ដែលស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដើម្បីសួរនាំរឿងឯកសាររថយន្ត។

លុះដល់ម៉ោង១៥ ៖៣០នាទី កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានប្រគល់ជនសង្ស័យ និងស្លាកលេខរថយន្តចំនួន ២សន្លឹក មកឲ្យការិយាល័យជំនាញដើម្បីស្រាវជ្រាវបន្ត។

ជនសង្ស័យមានឈ្មោះ សុង គីមហេង អាយុ៤២ឆ្នាំ មុខរបរចាងហ្វាងកាសែត «រាជសីឦសាន» រស់នៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

វត្ថុតាងដកហូតរួមមាន៖

* រថយន្ត១គ្រឿង ម៉ាក នីសាន់ម៉ាច

* ស្លាកលេខ 2A-2653 កណ្តាល ចំនួន២សន្លឹក។

* ទូរសព្ទ័ដៃចំនួន ១គ្រឿង ម៉ាក Samsung Galaxy s23 ពណ៌ ផ្កាឈូក។

ក្រោយពីការសួរនាំរួចមក សមត្ថកិច្ចបានដកហូតរថយន្ត១គ្រឿងទៀត ម៉ាក ហុងដាវិត ពណ៌ ទឹកសមុទ្រ គ្មានស្លាកលេខ ឆ្នាំផលិត ២០០១ នៅចំណុចយានដ្ឋានរបស់ឈ្មោះ ឌីណា ដែលស្ថិតនៅភូមិ៤ សង្កាត់កាចាញ ក្រុង បានលុង ខេត្តរតនគិរី៕




 

No comments:

Post a Comment

Pages