ក្រសួងពាណិជ្ជកម្ម រកឃើញថា ផ្លែធុរេនដែលនាំចូលមួយចំនួនត្រូវបានជ្រលក់សារធាតុម៉្យាង ដែលមិនទាន់អាចកំណត់អត្តសញ្ញាណ និងផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, June 22, 2024

ក្រសួងពាណិជ្ជកម្ម រកឃើញថា ផ្លែធុរេនដែលនាំចូលមួយចំនួនត្រូវបានជ្រលក់សារធាតុម៉្យាង ដែលមិនទាន់អាចកំណត់អត្តសញ្ញាណ និងផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.» ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្មីៗនេះមានសារព័ត៌មានមួយចំនួនបានចុះផ្សាយក្នុងបណ្តាញទំនាក់ទំនងសង្គមអំពីករណីមានការនាំចូលផ្លែធុរេនពីប្រទេសជិតខាងដាក់លក់លើទីផ្សារកម្ពុជា ដោយប្រកាសថា ជាផលិតផលដែលដាំដុះក្នុងប្រទេស និងបានប្រើប្រាស់សារធាតុគីមីដើម្បីជ្រលក់លើផ្លែធុរេនទាំងនោះ។ ក្រោយពីទទួលព័ត៌មានខាងលើ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឲ្យមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ចុះស៊ើបអង្កេតនិងស្រាវជ្រាវជាបន្ទាន់នៅលើទីផ្សារ និងតាមបណ្តាច្រកព្រំដែនមួយចំនួន នៃប្រទេសកម្ពុជា។


យោងតាមលទ្ធផលស្រាវជ្រាវបឋម អាជីវករលក់ផ្លែធុរេន បានអះអាងថា ផ្លែធុរេនដែលពួកគាត់ដាក់តាំងលក់គឺជាផលិតផលខ្មែរ ដែលមានប្រភពមកពីខេត្តកំពត ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ ជាដើម ប៉ុន្តែតាមការស្រាវជ្រាវ បានបង្ហាញអំពីវត្តមាននៃការនាំចូលផ្លែធុរេនពីប្រទេសជិតខាង ក្រោមរូបភាពតូចៗនៅតាមបណ្តាច្រកទ្វារព្រំដែនមួយចំនួននៃប្រទេសផងដែរ។ 


ជាមួយគ្នានោះ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានសង្កេតឃើញថា ផ្លែធុរេនដែលនាំចូលមួយចំនួន ត្រូវបានជ្រលក់សារធាតុម៉្យាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណ និងផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ ហើយបានអំពាវនាវដល់អាជីវករ ដែលប្រកបអាជីវកម្មលក់ផ្លែទុរេនទាំងអស់ សូមកុំប្រើប្រាស់សារធាតុ ដែលមិនមានអត្តសញ្ញាណច្បាស់លាស់ និងសូមប្រកបអាជីវកម្មដោយស្មោះត្រង់ កុំបន្លំប្រភពនៃការដាំដុះ។ អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តធ្វើការស្រាវជ្រាវដើម្បីកំណត់អត្តសញ្ញាណ នៃសារធាតុនោះ ដោយសហការជាមួយក្រសួង និងស្ថាប័នជំនាញពាក់ព័ន្ធ៕





 

No comments:

Post a Comment

Pages