ខេត្តកណ្តាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំក្នុងកិច្ចប្រជុំត្រៀមចូលរួមព្រឹត្តិការណ៍ប្រកួតកីឡា ទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ុង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី១ នៅទន្លេ វ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណុប ដារ៉ា ផ្ដាំផ្ញើដល់គណៈកម្មការដឹកនាំទូក និងគ្រូបង្វឹកត្រូវបង្កើនការហ្វឹកហាត់ ដល់កីឡាករ-កីឡាការិនីដែលត្រូវបញ្ជូនទៅចូលរួមប្រកួត ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើការមើលថែទាំសុខមាលភាព សុខសុវត្ថិភាព ការស្នាក់នៅ ការឧបត្ថម្ភថវិកា និងការហូបចុក ជូនដល់កីឡាករ-កីឡាករនី ឱ្យបានល្អបំផុត សំដៅជំរុញឲ្យខេត្តកណ្ដាលទទួលបានជ័យជំនះក្នុងការប្រកួតនេះ។
សូមបញ្ជាក់ថា ខេត្តកណ្ដាលគ្រោងបញ្ជូនកីឡាករ-កីឡាការិនីជាង ៤០នាក់ ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ដោយក្នុងនោះទូកបុរសចំនួន ២ទូក និងនារីចំនួន ២ទូក។
No comments:
Post a Comment