នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទទួលជួបសវនាការជាមួយនឹង ឯកឧត្តម តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមតណាម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម តូ ឡឹម មកកាន់ព្រះរាជាណាចក្រកម្ពុជានាថ្ងៃនេះ និងបានអបអរសាទរជាថ្មីចំពោះការតែងតាំង ឯកឧត្តម ជាប្រធានរដ្ឋ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់ចំពោះការដឹកនាំរបស់ ឯកឧត្តម។ សម្តេចតេជោ បានកត់សម្គាល់ដោយរីករាយចំពោះទំនាក់ទំនងដ៏ល្អនិងជិតស្និទ្ធិរវាងប្រទេសកម្ពុជានិងវៀតណាម ដែលឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។
នៅក្នុងជំនួបនេះ ឯកឧត្តមប្រធានរដ្ឋ បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួប សម្តេច សាជាថ្មី ដែលកាលពីខែមករាកន្លងទៅនេះ ឯកឧត្តម ទើបតែបានអញ្ជើញបំពេញទស្សនកិច្ចមកកម្ពុជា ក្នុងនាមជារដ្ឋមន្ត្រីក្រសួងនគរបាល។ ឆ្លៀតក្នុងឱកាសនៃជំនួបនេះផងដែរ ឯកឧត្តម ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អគ្គលេខាធិការបក្ស នាយករដ្ឋមន្ត្រី ប្រធានសភាវៀតណាម និង បានជូនពរសម្តេច ចំពោះថ្ងៃខួបកំណើតនាពេលខាងមុខ និងបានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនចំពោះប្រតិភូវៀតណាមទាំងមូល។ ឯកឧត្តម បានអបអរសាទរគណបក្សប្រជាជនកម្ពុជា ចំពោះជោគជ័យដ៏ត្រចះត្រចង់នៃការបោះឆ្នោតនាពេលចុងក្រោយនេះ និង អបអរសាទរសម្តេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានរដ្ឋព្រឹទ្ធសភា។
ឯកឧត្តម បានកោតសរសើរចំពោះការអភិវឌ្ឍដ៏ជឿនលឿននិងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន សម្តេចតេជោ និងនាពេលបច្ចុប្បន្ន របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ ឯកឧត្តមប្រធានរដ្ឋ មានជំនឿជឿជាក់ថា កម្ពុជានឹងអាចសម្រេចបាននូវគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តម បានគូសបញ្ជាក់ថា ប្រទេសវៀតណាម និងកម្ពុជា ជាប្រទេសជិតខាងល្អ និងទំនាក់ទងប្រវត្តិសាស្តដែលបានប្រឆាំងនឹងសត្រូវរួមគ្នា ហើយប្រទេសវៀតណាម ប្រកាន់គោលនយោបាយមិនងាករេចំពោះចំណងមិត្តភាព ទំនាក់ទំនងទុកចិត្តគ្នា និង កិច្ចសហប្រតិបត្តិការគ្រប់វិស័យ។ ឯកឧត្តមប្រធានរដ្ឋ ក៏បានលើកឡើងពីសារៈសំខាន់នៃយន្តការទ្វេភាគីនិងកិច្ចសហប្រតិបត្តិការនានាដែលមានស្រាប់រវាងប្រទេសទាំងពីរនៅគ្រប់កម្រិត ជាពិសេស ការជម្រុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនបន្ថែមទៀត។ ឯកឧត្តម ក៏បានគោរពជូនពរ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយសង្ឃឹមថា សម្តេចតេជោ នឹងអាចអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមក្នុងវេលាសមស្របណាមួយនាពេលអនាគត។
ជាកិច្ចឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ចំពោះសារសួរសុខទុក្ខរបស់ ឯកឧត្តម អគ្គលេខាធិការបក្ស នាយករដ្ឋមន្ត្រី ប្រធានសភា វៀតណាម និង សារពរជូនថ្ងៃកំណើតរបស់សម្តេច។ សម្តេចតេជោ បានឯកភាពចំពោះការលើកឡើងរបស់ ឯកឧត្តមប្រធានរដ្ឋ ស្តីពីទំនាក់ទងនៃប្រទេសទាំងពីរ និង បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់បក្សកុម្មុយនីស្តវៀតណាម ប្រទេសវៀតណាមនឹងសម្រេចគោលដៅឧស្សាហូបនីយកម្ម និងទំនើបកម្មនៅឆ្នាំ២០៣០ ដូចកម្ពុជាក្នុងការក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។ វៀតណាមនឹងឈានដល់ក្រុមប្រទេស G20 ជាប្រទេសរីកចម្រើន និង អភិវឌ្ឍន៍ ដែលផ្តល់បច្ច័យល្អសម្រាប់ប្រទេសជិតខាង ដូចកម្ពុជា និងឡាវ។ សម្តេចតេជោ បានបន្ថែមថា សភាពការណ៍ពិភពលោកមានការប្រែប្រួលនិងវិវត្តន៍ទៅមុខពិបាកស្មាន ការធ្វើការរួមគ្នាជារឿងសំខាន់ ជាពិសេសការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំង៣ពោលគឺ៖ កម្ពុជា ឡាវ និងវៀតណាម, ដើម្បីជម្រុញកិច្ចសហការជាអ្នកជិតខាងល្អបន្តទៀត។
សម្តេចបានបញ្ជាក់ថា កម្ពុជាមិនភ្លេចពីការជួយរបស់វៀតណាម ក្នុងការផ្តួលរំលំរបបប៉ុលពត ដែល ខែមុននេះ យើងបានប្រារព្ធខួបលើទី៤៧ នៃការធ្វើដំណើររបស់សម្តេចទៅវៀតណាមនៅតំបន់ X១៦ ហើយ ថ្នាក់ដឹកនាំវៀតណាម បានរំលឹកពីជំនួយរបស់កម្ពុជាក្នុងការជួយបង្រួបបង្រួមជាតិវៀតណាមផងដែរ។
មុននឹងបញ្ចប់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានឯកភាពទទួលយកការអញ្ជើញរបស់ ឯកឧត្តម ប្រធានរដ្ឋ ដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម នាពេលខាងមុខ និងបានជូនពរ ឯកឧត្តម និងគណៈប្រតិភូ សូមឱ្យសម្រេចបានជោគជ័យក្នុងដំណើរទស្សនកិច្ចនេះ៕
No comments:
Post a Comment