អគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, October 26, 2024

អគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០២៤ ដែលស្ថិតចំណុចផ្ទះលេខ០១អិល ផ្លូវបេតុង​ ភូមិព្រះពន្លា​ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់ឲ្យដឹងថា​ ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ 


លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​ បានបន្តថា​ ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ 


ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប​ និងរថយន្តជំនួយមកពីសាលាខណ្ឌច្បារអំពៅ ចំនួន០១គ្រឿង​ ប្រេីប្រាស់ទឹកអស់០១ឡាន​ ស្មេីរនឹង០៤ម៉ែត្រគូប​។ 


ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺ​ថ្មបេតុង ទំហំ (៤ម៉ែត្រ x ១៥ម៉ែត្រ) ឆេះបន្ទប់ចំនួន ០១បន្ទប់ រួមមានម៉ាស៊ីនត្រជាក់ចំនួន ០១គ្រឿង,កុំព្យូរទ័រចំនួន ០២គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង​ ១០និង០០នាទីព្រឹកនាថ្ងៃដដែល។ 


លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​ បានបញ្ជាក់ថា​ ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ រកឃេីញថា​ បណ្តាលមកពីការអុជធូបទៀនទុកចោលបង្កជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសក្នុងគ្រោះអគ្គិភ័យខាងលើនេះឡើយ៕






 

No comments:

Post a Comment

Pages