ខេត្តកណ្តាល៖ ថ្លែងក្នុងដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល នៅសាលាខេត្ត នាសៀលថ្ងៃទី២១កុម្ភះនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំទីចាត់ការធនធានមនុស្ស និងមន្ទីរមុខងារសាធារណៈខេត្ត ត្រូវជួយពិនិត្យ និងផ្ដល់យោបល់ ឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការតែងតាំង ដំឡើង ថ្នាក់ឬផ្លាស់ប្ដូរមន្ត្រីរាជការនៅរដ្ឋបាលខេត្ត ក្រុង-ស្រុក ឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់កំណត់ ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ ក្រុមការងារដោះស្រាយទំនាស់ របស់ខេត្តទាំង ៥ក្រុម និងទីចាត់ការអន្តរវិស័យខេត្ត ត្រូវពន្លឿន និងខិតខំដោះស្រាយ បណ្តឹងក្រៅប្រព័ន្ធតុលាការ ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ទាំងវិវាទដីធ្លី និងវិវាទផ្សេងៗ តាមបណ្ដាក្រុង-ស្រុកទាំង១៣ ទៅតាមទំហំនៃទំនាស់ ធ្វើយ៉ាងណា រួមគ្នាសម្របសម្រួលដោះស្រាយ បញ្ហាដែលនៅសេសសល់ ឱ្យបានចប់ទាន់ពេលវេលា ជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញផងដែរដល់ទីចាត់ការ ផែនការវិនិយោគខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគម្រោងទាំងឡាយរបស់ខេត្ត ឱ្យបានឆាប់រហ័សទាន់ពេលវេលា។ចំពោះ រាល់គម្រោងទាំងអស់ របស់ខេត្ត ត្រូវធ្វើការពិនិត្យ ឱ្យបានហ្មត់ចត់ ដោយផ្ដោតសំខាន់ទៅលើ គុណភាព និងលក្ខណៈបច្ចេកទេស ត្រឹមត្រូវ ពិសេស ចំពោះផ្លូវបេតុង ត្រូវយកចិត្តទុកដាក់ ពិនិត្យទៅលើសសៃដែក និងគុណភាព របស់ផ្លូវបេតុង ដើម្បីប្រាកដថា មានគុណភាពខ្ពស់ ធានាដល់ ការប្រើប្រាស់បានយូអង្វែង។
គូបញ្ជាក់ផងដែរថា៖ បើយោងតាមរបាយការណ៍វឌ្ឍនភាព គម្រោងវិនិយោគខេត្តឆ្នាំ ២០២៥ ប្រចាំខែមករា បានបង្ហាញថា៖ សម្រាប់រដ្ឋបាលក្រុង-ស្រុក ផ្នែកសេដ្ឋកិច្ចមាន ១៨គម្រោង ផ្នែកសង្គមកិច្ចមាន ៨គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សំនិងការប្រែប្រួលអាកាសធាតុ មាន ១៣គម្រោង ផ្នែករដ្ឋបាល និងសន្តិសុខសណ្ដាប់ធ្នាប់មាន ១គម្រោង៕
No comments:
Post a Comment