ពោធិ៍សាត់៖ តបតាមអនុសាសន៍ចង្អុលបង្ហាញ របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងបទបញ្ជារបស់ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ព្រមទាំងការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងផែនការងារនគរបាលសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំង នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកសហការជាមួយកម្លាំង នៃការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានចុះធ្វើការត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តតុបតែងបំពាក់សម្ភារខុសលក្ខណៈបច្ចេកទេស ធ្វើតេស្តរកសារធាតុញៀនលើអ្នកបើកបររថយន្ត កិច្ចសហប្រតិបត្តិការនេះធ្វើឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ខាងលិចរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ទោ ឃន សុខា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានប្រាប់ឱ្យដឹងថាក្នុងសហប្រតិបត្តិការចុះត្រួតពិនិត្យនេះប្រើប្រាស់កម្លាំងសរុបចំនួន៣៦នាក់ កម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យលើរថយន្តចំនួន៥១គ្រឿង បានធ្វើតេស្តគ្រឿងញៀនលើអ្នកបើកបររថយន្តចំនួន៥១នាក់ ក្នុងនោះមានផ្ទុកសារធាតុញៀន កញ្ឆា១នាក់សមត្ថកិច្ចបានធ្វើការអប់រំធ្វើកិច្ចសន្យានៅនឹងកន្លែង និងបានបកកញ្ចក់ខ្មៅលើកញ្ចក់រថយន្តបានចំនួន៣៥គ្រឿង ដោះវាំងននបិទបាំងចំនួន១៥គ្រឿង និង បានត្រួតពិនិត្យលើរថយន្តប្រើប្រាស់ស្លាកលេខខុសប្រក្រតី ១៥គ្រឿង។
ប្រភព៖ ស្នងការនគរបាលខេត្តពោធិ៍សាត់
No comments:
Post a Comment