ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ជាមួយកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ពិធីនេះមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ដែលពិធីនេះប្រារព្ធធ្វើនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។


មានប្រសាសន៍នាកម្មនៅដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសំដែងនូវការកោតសរសើរចំពោះកងកម្លាំងនគរបាលខេត្តកណ្ដាល ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ អនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួន ព្រមទាំងបានការពារសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ ឥស្សរជន និងរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ: ជូនប្រជាពលរដ្ឋ តាមរយ:អនុវត្តនូវគោលនយោបាយ"ភូមិ ឃុំ មានសុវត្ថិភាព" បានយ៉ាងល្អប្រសើរនាពេលកន្លងមក។


ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់កងកម្លាំងនគរបាលខេត្តកណ្ដាល ត្រូវកែប្រែឥរិយាបថពីអ្នកគ្រប់គ្រង ឲ្យទៅជាអ្នកផ្ដល់ ឬបម្រើសេវារដ្ឋបាល ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការឆ្លើយតបដោយប្រកាន់ភ្ជាប់នូវឥរិយាបថទាំង៤ គឺឆន្ទះម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ។


ឯកឧត្តមអភិបាលខេត្ត បន្ថែមថា កងកម្លាំងនគរបាលទាំងអស់ទូទាំងខេត្តកណ្ដាល ត្រូវខិតខំបង្ក្រាបល្បែងស៊ីសង បងតូចបងធំ និងបទល្មើសនានា ដែលកើតមានឡើងក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។