ស្វាយរៀង៖ ការតាំងពិព័រណ៍ស្នាដៃសិស្ស ត្រូវបានដាក់បង្ហាញឲ្យប្រជាពលរដ្ឋ ជាមាតាបិតាសិស្ស និងសាធារណជន បានឃើញនៅក្នុងសាលារៀនជំនាន់ថ្មី អនុវិទ្យាល័យគោកព្រីង ស្ថិតក្នុងឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ពិធីតាំងពិព័រណ៍នេះ មានការអញ្ជើញចូលរួមពីលោក សាន់ នាង ប្រធានការិយាល័យមធ្យមសិក្សា និងលោកស្រី ហ៊ុត ចាន់បូរ៉ា អភិបាលរងស្រុកស្វាយជ្រំ ព្រមទាំងលោក ឡុង អារុណ នាយកប្រតិបត្តិអង្កការឆាលហ្វាន់ ប្រចាំខេត្តស្វាយរៀង និងលោកគ្រូ អ្នកគ្រូ នាយក/នាយករង អនុវិទ្យាល័យទាំងអស់ ក្នុងស្រុកស្វាយជ្រំ អាណាព្យាបាល សិស្សសិស្សានុសិស្សសរុបចំនួន ៤០០នាក់ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។

ស្តង់ពិព័រណ៍នេះ មានចំនួន៥២ ដែលសុទ្ធសឹងជាស្នាដៃបង្កើតឡើងដោយសិស្សានុសិស្ស តាមមុខវិជ្ជាដូចជា៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ភាសាខ្មែរ ប្រវត្តិវិទ្យាជាដើម។

បើតាមលោកនាយកអនុវិទ្យាល័យគោកព្រីង បានឲ្យដឹងថា អនុវិទ្យាល័យនេះ កកើតឡើងក្នុងឆ្នាំសិក្សា២០០៩-២០១០ មានទីតាំងស្ថិតនៅក្នុងសាលាបឋមសិក្សាស្វាយប្រហួត ផ្នែកខាងជើង។ កាលនោះមានអគារសិក្សា ១ខ្នង ស្មើរនឹង ៥បន្ទប់ ហើយខាងមុខអគារតាំងពីរបងវត្តដល់របងសាលាខាងកើត គឺដីស្រែយ៉ាងជ្រៅខាងក្រោយអគារព័ទ្ធដោយឫស្សីព្រៃ។ ឆ្នាំ២០១៣-២០១៤ ក្រសួងអប់រំបានផ្តល់អគារសិក្សា ១ខ្នងទៀត ស្មើនឹង ៥បន្ទប់ ឯបរិស្ថានសាលាទាំងខាងមុខ និងក្រោយបានកែលម្អបានល្អប្រសើរជាបន្តបន្ទាប់ដល់សព្វថ្ងៃ។

លោក សាន់ នាង តំណាងលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានថ្លែងថា ការបង្កើតឲ្យមានកម្មវិធីនេះឡើង ក្នុងគោលបំណងចង់បង្ហាញអំពីសកម្មភាពគ្រូបង្រៀន និងរៀនគម្រោងសាលារៀនជំនាន់ថ្មីនៅទីនេះ មានសកម្មភាពបែបណា? កម្រិតសមត្ថភាពសិស្ស ឬគុណភាពសិក្សាកម្រិតណា? មួយវិញទៀត ចង់ឲ្យមាតាបិតា អាណាព្យាបាលសិស្ស សហគមន៍ និងភ្ញៀវកិត្តិយសបានឃើញអំពីលទ្ធផលសិក្សារបស់សិស្ស មានភាពឆ្នៃប្រឌិតបានដូចម្តេចខ្លះ? គំនិតបង្កើតថ្មីបានយ៉ាងណា?។

នៅឱកាសនោះស្រី ហ៊ុត ចាន់បូរ៉ា បានថ្លែងថា ក្នុងនាមរដ្ឋបាលស្រុកស្វាយជ្រំ ពិតជាមានក្តីត្រេកអរខ្លាំងណាស់ ដែលមន្ទីរអប់រំក៏ជាអង្គការឆាលហ្វាន់ ខេត្តស្វាយរៀង បានបង្កើតឲ្យមានកម្មវិធីតាំងពិព័រណ៍នេះឡើង ដើម្បីចង់បង្ហាញឲ្យឃើញគុណភាពចំណេះដឹងរបស់សិស្សានុសិស្សដែលលោកគ្រូ អ្នកគ្រូបានបង្ហាត់បង្រៀនកន្លងមក។

លោកស្រី បានបានជំរុញដល់មន្ទីរអប់រំ ក៏ដូចជាអង្គការឆាលហ្វាន់ខេត្ត សូមបន្តសកម្មភាពនេះឲ្យបានផុសផុលបន្ថែមទៀត ដើម្បីឲ្យសិស្សានុសិស្សបានសិក្សារៀនសូត្រ ប្រកបដោយចំណេះជំនាញពិតប្រាកដក្លាយខ្លួនជាទំពាំងស្នងឫស្សី នៃប្រទេសជាតិ និងមានអនាគតភ្លឺស្វាងផងដែរ៕