ក្រចេះ: ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះខេត្តក្រចេះអញ្ជើញជាធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសាស្ត្រាចារ្យ និងចែកជូនរង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស Aនិង B ទូទាំងខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯឧត្ដម វ៉ា ថន អភិបាលខេត្ត ឯកឧត្តម លោកជំទាវក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត លោកគ្រួ អ្នកគ្រួ សិស្សានុសិស្ស និងមាតា បិតាសិស្សផងដែរ ។
តាមរបាយការរបស់លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងថា លទ្ឋផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប មានបេក្ខជនប្រឡងជាប់ ចំនួន១៥៣១នាក់ស្រី ៨១៦នាក់ស្មើនឹង៧១,២៨ភាគរយ % ( បើប្រៀបធៀបនឹងឆ្នាំ២០១៨ កន្លងទៅ គឺមានកាកើនឡើង ដោយឆ្នាំ២០១៨ មានចំនួន ៥២,៥៧ % ) ដោយឡែកសម្រាប់បេក្ខជនប្រឡងជាប់និទ្ទេស A ធ្លាក់ចុះវិញដោយក្នុង ២០១៨ មានចំនួន ០៧នាក់ ។ លទ្ឋផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩នេះ បេក្ខជន ដែលទទួលបាន និទ្ទេស A មានចំនួន ៤នាក់ ស្រី ២នាក់ និទ្ទេស Bមានចំនួន ៥១នាក់ ស្រី ២៣នាក់ និទ្ទេស C មានចំនួន ១១២នាក់ ស្រី ៦៤នាក់ និទ្ទេស D មានចំនួន ២៤៤នាក់ ស្រី ១២៥នាក់ និងនិទ្ទេស E មានចំនួន ១១២០នាក់ ស្រី ៦០២នាក់ ។
ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះខេត្តក្រចេះ  មានប្រសាសន៍លើកកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សាស្ត្រាចារ្យ លោកនាយក លោកគ្រូ អ្នកគ្រូ ទាំងអស់ នឹងសូមធ្វើយ៉ាងណាខិតខំបន្តដើម្បីគុណភាពនៃការអប់រំមានប្រសិទ្ធខ្ពស់និងដើម្បីកិត្តិយសរបស់សាលាផងដែរ ដើម្បីឲ្យបានសមស្របទៅនិងប្រទេសកម្ពុជាស្ថិតក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគិត្តិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសន្តិភាពពេញបរិបូណ៍រយៈពេល ៤០ឆ្នាំ មានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំត្រូវបានធ្វើការកំណែទម្រង ជាពិសេសកត្តាសន្តិភាពបានផ្ដល់ឱកាសឲ្យក្មួយៗចៅៗសិស្សានុសិស្សទទួលបានការសិក្សារៀនសូត្រគ្រប់កម្រឹត មានចំណេះដឹង និងទទួលបានលទ្ធផលដូចថ្ងៃនេះ ។
ជាមួយគ្នានោះដែរ ឯកឧត្តមបានបន្តជំរុញទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់ទាំង អស់ត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណាបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា សាកលវិទ្យាល័យ និងមហាវិទ្យាល័យ ដើម្បីយកចំណេះដឹងដែលយើងមានស្វែងរការងារធ្វើទាំងវិស័យរដ្ឋ និងឯកជនឲ្យបាន ដើម្បីទទួលបានប្រាក់ចំណូលសម្រាប់គ្រួសារ ។ ជាមួយគ្នានោះ ការជ្រើសរើសសាលារៀនបន្តនៅថ្នាក់ឧត្តមសិក្សាគឺសំខាន់ណាស់ ត្រូវមើលទៅលើសមត្ថភាពដែលយើងមាន កុំធ្វើតាមរម្មណ៍ តាមមិត្តភក្តិ ឬការបង្ខិតបង្ខំណាមួយ ដើម្បីជៀសវាងការខាតបង់ពេលវេលា ថវិការ និងការបោះបង់កាសិក្សារនៅថ្នាក់ឧត្តមសិក្សាតែម្តង ។
ឯកឧត្តម បានអញ្ចើញប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តចំពោះ សិស្ស ជាប់និទ្ទេស A ៤នាក់ ទទួលបានថវិការចំនួន ១លានរៀលនិង tabblate ១គ្រឿងនិទ្ទេស B ៥១នាក់ ក្នុងម្នាក់ទទួលបាន ៨០ម៉ឺនរៀល ៕