កណ្តាល៖ វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីសិទ្ធិធ្វើកូដកម្មនិងធ្វើបាតុកម្មដោយសន្តិវិធី រៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងចូលរួមសហការរៀបចំដោយក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ បណ្ឌិត្យសភានគរបាលកម្ពុជា អង្គការអន្តរជាតិខាងការងារ (ILO) និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) រួមគ្នាបើកវគ្គបណ្តុះបណ្តាលនេះ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង៖ ១- បណ្តុះបណ្តាលគ្រូបង្គោលជាមន្ត្រីនគរបាលចំនួន១២០នាក់ អំពីសិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធីដើម្បីធានាការអនុវត្តសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋដែលកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ, ២-បំពេញបន្ថែម ចំណេះដឹងអំពីសិទ្ធិក្នុងការប្រមូលផ្តុំរបស់កម្មករនិយោជិត ជាអាទិ៍ សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធីដូចមានកំណត់ក្នុងបទប្បញ្ញត្តិច្បាប់ជាតិជាធរមាន ស្របតាមអនុសញ្ញាអន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័ន ជូនមន្រ្តីអនុវត្តច្បាប់ និង៣-លើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់របស់មន្ត្រីនគរបាល ដើម្បីធានាថា សេរីភាពអង្គការវិជ្ជាជីវៈ និងសេរីភាពក្នុងការបញ្ចេញមតិតាមរយៈការធ្វើបាតុកម្មដោយសន្តិវិធីត្រូវបានអនុវត្តក្នុងបរិយាកាសដែលមិនមានការគំរាមកំហែងនិងហិង្សា។

វគ្គបណ្តុះបណ្តាលនេះត្រូវបានបែងចែកជា ៤វគ្គ បន្តបន្ទាប់ ដែលក្នុងមួយវគ្គៗមានរយៈពេល២ថ្ងៃ និងមានសិក្ខាកាមចូលរួមចំនួន៣០នាក់ដោយផ្តោតលើប្រធានបទ៖ ១.ការដោះស្រាយវិវាទការងារ និងសិទ្ធិធ្វើកូដកម្ម ២.ការធ្វើបាតុកម្មដោយសន្តិវិធី។

លោក សោម ចំណាន អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពស់ខ្ពស់លោករដ្ឋមន្ត្រី អ៊ិត សំហេង ដែលអញ្ជើញជាអធិបតីនាឱកាសនោះ បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះនិងសូមវាយតម្លៃចំពោះវត្តមានរបស់ លោក លោកស្រី ជាគ្រូឧទ្ទេសដែលបានចំណាយពេលដ៏មានតម្លៃចូលរួមធ្វើបទឧទ្ទេសនាម និងចែករំលែកបទពិសោធន៍ល្អៗពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី សំដៅធានាបានភាពសុខដុមរមនានៅក្នុងព្រះរាជាណាចក្រកម្ពុជា ជូនដល់សិក្ខាកាមជាមន្ត្រីនគរបាលទាំងអស់។

ទន្ទឹមនឹងនេះ លោក សោម ចំណាន បានមានប្រសាសន៍លើកឡើងថា សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធីត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ មាត្រា៣៧ នៃរដ្ឋធម្មនុញ្ញចែងថា «សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធីត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់»។ នៅក្នុងការអនុវត្តជាក់ស្តែង យើងសង្កេតឃើញថា កូដកម្មច្រើនតែកើតឡើង បន្ទាប់ពីកម្មករនិយោជិត និងនិយោជកមិនអាចស្វែងរកដំណោះស្រាយទៅលើវិវាទការងាររួម ដែលកើតមានឡើងនៅក្នុងសហគ្រាស គ្រឹះស្ថានរបស់ខ្លួន ហើយក្នុងករណីខ្លះកូដកម្មមួយចំនួនបានប្រែក្លាយទៅជាកូដកម្មខុសច្បាប់ ឬបាតុកម្មហិង្សា ដែលចាំបាច់ទាមទារឱ្យមានការអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីនគរបាលយុត្តិធម៌។ ដើម្បីធានាការអនុវត្តសិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធីប្រកបដោយប្រសិទ្ធភាព ស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន និងអនុសញ្ញាអន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័នការលើកកម្ពស់ការយល់ដឹងរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្តសិទ្ធិទាំងនេះគឺជាការចាំបាច់៕