កិច្ចប្រជុំផ្សព្វផ្សាយស្តីពីសុវត្ថិភាព និងគុណភាពសំណង់ ក្នុងខេត្តព្រះសីហនុ - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, December 5, 2019

កិច្ចប្រជុំផ្សព្វផ្សាយស្តីពីសុវត្ថិភាព និងគុណភាពសំណង់ ក្នុងខេត្តព្រះសីហនុ

 ខេត្តព្រះសីហនុ៖ រសៀលថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសុវត្ថិភាព និងគុណភាពសំណង់ ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីម្ចាស់ការដ្ឋានសំណង់ក្នុងក្រុងព្រះសីហនុ ចំនួន១៩៥ការដ្ឋាន ក្រោមអធិបតីឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម អ៊ុត សំអន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការដ្ឋានសំណង់មួយចំនួនមិនបានអនុវត្តតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ មានបញ្ហាប្រឈមអំពីសុវត្តិភាព និងគុណភាពសំណង់ ដោយមិនបានធ្វើរបងហ៊ុំព័ទ្ធការដ្ឋាន ខ្វះសំណាញ់ការពារសុវត្ថិភាពក្នុងការដ្ឋាន បានបង្កហានីភ័យបង្កគ្រោះថ្នាក់ដល់កម្មករ និងប្រជាពលរដ្ឋដូចជាថ្មីៗនេះ មានការដ្ឋានមួយកន្លែង បានបាក់ដងសន្ទូច និងមានធ្លាក់សម្ភារ: សំណង់ក្នុងការដ្ឋាន និងការរំលោភដីចំណីផ្លូវសាធារណៈជាដើម ។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៍បានស្នើសុំឱ្យម្ចាស់ការដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់អំពីសុវត្ថិភាព និងគុណភាពសំណង់ក្នុងការដ្ឋានរៀងៗខ្លួន ដោយផ្អែកតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ការដ្ឋានណាមិនគោរពច្បាប់ បណ្តាលឱ្យកម្មករមាន របួស ឬស្លាប់ ត្រូវមានទោស ដូច្នេះម្ចាស់សំណង់ទាំងអស់ត្រូវបន្តផ្សព្វផ្សាយអំពីសុវត្ថិភាព និងគុណភាពសំណង់ក្នុងការដ្ឋាននានាក្នុងខេត្តព្រះសីហនុឱ្យបានទូលំទូលាយ ។ ការសាងសង់ត្រូវគោរពច្បាប់កម្ពុជា  និងគោរពតាមបទដ្ឋានគតិយុត្តិ នៃច្បាប់សំណង់ ខណ:ដែលរាជរដ្ឋាភិបាលកម្ពុជា បានកសាងសង់ផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលសំណង់មួយចំនួនសាងសង់លើដីចំណីផ្លូវសាធារណ: ត្រូវធ្វើការរុះរើសំណង់ចេញ តាមនិយាមការក្រុមការងាររៀបចំស្ថាបនាផ្លូវទាំង ៣៤ខ្សែ។ ដូច្នេះម្ចាស់ការដ្ឋាន ត្រូវចូលរួមគោរពច្បាប់សំណង់ទាំងអស់គ្នា បើមិនដូច្នេះទេវានាំឱ្យខាតបង់ពេលវេលា និងថវិកាថែមទៀតផង ។

ឯកឧត្តម  ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍បញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលអាជ្ញាធរខេត្តព្រះសីហនុ ក៍ដូចជាក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសុវត្ថិភាព គុណភាពសំណង់ក្នុងខេត្តព្រះសីហនុ ដល់ម្ចាស់ការដ្ឋានទាំងអស់ ។ ការសាងសង់ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសមាន៤ ទី១.ការងារសិក្សាគំរោងប្លង់  និងប្លង់បច្ចេកទេសផ្សេងៗតាមច្បាប់ ម្ចាស់ការដ្ឋាន ត្រូវរកក្រុមហ៊ុនសាងសង់ សិក្សាគំរោងប្លង់ សំណង់ត្រូវមានអជ្ញាប័ណ្ណ។ ២.ម្ចាស់សំណង់ ត្រូវរកក្រុមហ៊ុនសាងសង់ វិស្វករ និងកម្មករ  ប្រសិនបើរកឃើញថា ការដ្ឋានមិនមានក្រុមហ៊ុនសាងសង់ចុះបញ្ជីត្រឹមត្រូវ គ្នានវិស្វករប្រចាំការ និងគ្នានកម្មករ ត្រូវបិទការដ្ឋានសំណង់ ។ ៣.ការប្រើប្រាស់ដងសន្ទូច ម៉ាស៊ីនស្ទូច ម្ចាស់ការដ្ឋានត្រូវមានប្លង់ទីតាំងគ្រឹះដងសន្ទូច ក្នុងដែនប្រើប្រាស់ប្រចាំថ្ងៃ ។ ៤. គ្រឹះអគារក្រុមហ៊ុនសាងសង់គ្រឹះ ត្រូវត្រួតពិនិត្យអំពីស្ថានភាពដី ព្រោះនៅខេត្តព្រះសីហនុ ខាងក្រោមកន្លែងខ្លះមានថ្ម កន្លែងខ្លះដីភក់ជាបញ្ហាប្រឈម និងក៍មានហានិភ័យយ៉ាងធ្ងន់ធ្ងរ ដូចជា ករណីបាក់ស្រុតអគារកម្ពស់ ៧ជាន់កន្លងមក, អគារស្រុតនៅអូរពីរ , បាក់ដងសន្ទូច និងបាក់សរសរធ្នឹមជាន់ទី៣ ជាដើម ដែលតម្រូវឱ្យក្រុមការងារបច្ចេកទេស រឹតបន្តឹងអំពីសុវត្ថិភាព និងគុណភាពសំណង់នៅខេត្តព្រះសីហនុ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ដោយសារសំណង់គ្មានគុណភាព នងសុវត្ថិភាព ៕




No comments:

Post a Comment

Pages