ថ្ងៃទី២៦ខែ ធ្នូ ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិខេត្តព្រះវិហារ បានអញ្ជើញជា​អធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីវេទិការសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមួលដ្ឋានខេត្តព្រះវិហារនៅក្រុងព្រះវិហារ ខេត្តព្រះវិហារ  ដោយមានការចូលរួមពីឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្ត  អភិបាល​រងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋរស់ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។

មានប្រសាសន៍ក្នុងឱកាសនោះដែរឯកឧត្តម មាស សុភា ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារ​ថ្នាក់​ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ បានជម្រាបពីគោលបំណង​សំខាន់នៃការរៀបចំឲ្យមាននូវវេទិការសាធារណៈនេះឡើងគឺដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធ​សាស្ត្រ​ចតុកោណដំណាក់កាលទី៤ ក៏ដូចកម្មវិធីកំណែទម្រង់​នានា​របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ជាពិសេសដើម្បីជួបជាមួយប្រជាពលរដ្ឋ និងស្តាប់នូវបញ្ហាប្រឈម សំណូមពរ និងបញ្ហានានានៅមូលដ្ឋាន។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមថា ៖ដើម្បីគាំទ្រ និងរួមចំណែក​ជម្រុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ​ដំណាក់ការទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោល​នយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់​រាជរដ្ឋាភិបាល​​កម្ពុជាសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលបាន​សម្រេចបន្តចាត់តាំងក្រុមការងារថ្នាក់ជាតិដើម្បីចុះបេសកកម្មតាមមូលដ្ឋានរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ សំដៅបន្តអនុវត្តកម្មវិធី​នយោបាយប្រកបដោយប្រសិទ្ធភាពនៅគ្រប់មូលដ្ឋាននៅទូទាំងប្រទេស។ហើយឯឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា ក្រុមការងារ ថ្នាក់ជាតិមានតួនាទីលើកកម្ពស់ការដឹកនាំសម្របសម្រួលគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការផ្តល់សេវា ការអភិវឌ្ឍន៍មូលដ្ឋាន ការដោះស្រាយបញ្ហានានាដើម្បីប្រជា​ពលរដ្ឋនៅក្នុងមូលដ្ឋាន។

លើសពីនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី បានសំណូមពរ​ឲ្យប្រជាពលរដ្ឋត្រូវចូលរួមជាមតិយោបល់ និងលើកឡើង​បញ្ហាប្រឈម សំណូមពរ ដើម្បីឲ្យគណៈអធិបតីឡើង​បកស្រាយចម្ងល់នានាក៏ដូចជាស្វែងរកដំណោះស្រាយទាំងអស់គ្នាក្នុងឱកាសដ៏មានសារសំខាន់ជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ឆ្លើយតបទៅនឹងសំណូមពរចាំបាច់នានាក្នុងមូលដ្ឋាន ជាពិសេសគឺដើម្បីឲ្យការអនុវត្តន៍គោលនយោបាយក្នុងការអភិវឌ្ឍភូមិ-ឃុំ និងគោលនយោបាយយុទ្ធសាស្ត្រចតុកោណ​ដំណាក់ការទី៤ និងកម្មវិធីកំណែទម្រង់វិមជ្ឍការ និង​វិសហមជ្ឍការរបស់រាជរដ្ឋាភិបាលកម្ពុជាមានប្រសិទ្ធភាពខ្ពស់ ។