ក្នុងដំណើរចុះពិនិត្យទីតាំងសំណង់បាក់រលំនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុដោយចៃដន្យនេះ សំខាន់សម្តែងការសោកស្តាយជាទីបំផុតដល់អ្នកដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍នេះ ។ ក្នុងឱកាសនោះ សម្តេចពិជ័យសេនា បានមានប្រសាសន៍ស្នើដល់សមត្ថកិច្ចគ្រប់ផ្នែក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសាមគ្គីគ្នាប្រឹងប្រែងទប់ស្កាត់ បង្ការនិងបញ្ចៀសឲ្យផុតនូវបញ្ហាដែលមិនគួរកើតឡើង តែបែរជាកើតមានឡើង ជាក់ស្តែងដូចក្នុងករណីឧបទ្ទវហេតុនេះ កុំឲ្យកើតមាននៅពេលអនាគតទៀត ដែលវាជះឥទ្ឋិពលមិនល្អដល់ការអភិវឌ្ឍប្រទេសជាតិយើង និងនាំមកនូវទុក្ខលំបាកដល់អ្នករងគ្រោះ និងគ្រួសារអ្នករងគ្រោះ ។
សម្តេចពិជ័យសេនា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចបានតាមដានយ៉ាងយកចិត្តទុកដាក់ និង ក្តុកក្តួលជាទីបំផុត ចំពោះហេតុការណ៍ដែលកើតឡើងនេះ ។ សំណង់នេះជាសំណង់តាមបែបព្រះពុទ្ឋសាសនាសម្រាប់ជាកន្លែងទីសក្ការៈគោរពបូជារបស់ប្រជាពុទ្ឋបរិស័ទជិតឆ្ងាយ ហេតុនេះត្រូវការ ការត្រួតពិនិត្យ ស្រាវជ្រាវឲ្យបានច្បាស់លាស់ ដើម្បីឈានទៅវាយតម្លៃនិងសន្និដ្ឋាន កំហុសដែលកើតឡើងដោយប្រការណាមួយ នឹងមានការគិតគូរនៅពេលក្រោយទៀត ។
សម្តេចពិជ័យសេនាបានបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលបានមានវិធានការ ចេញនូវសរាចរ សេចក្តីណែនាំផ្សេងៗ ដើម្បីត្រួតពិនិត្យលើសំណង់ រហូតដល់សំណង់ខុសច្បាប់មួយចំនួនត្រូវផ្អាកមិនឲ្យសាងសង់ និងកន្លែងខ្លះឈានទៅវាយកំទេចចោលផងដែរ ។ សំណង់ទាំងនោះជាសំណង់ទូទៅ ខុសពីសំណង់ឧបដ្ឋានសាលាវត្តប្រាសាទគោកចក ក្នុងខេត្តសៀមរាបនេះ ដែលជាសំណង់ស្ថិតក្នុងទីអារាម និងកសាងឡើងសម្រាប់បម្រើដល់វិស័យព្រះពុទ្ឋសាសនា និង ការទទួលខុសត្រូវក៍មានមួយកម្រិតណាដែរ ។
នារសៀលថ្ងៃដដែលសម្តេចពិជ័យសេនា ទៀ បាញ់ និង ប្រតិភូអមដំណើរ បានបន្តដំណើរអញ្ជើញទៅសួរសុខទុក្ខដល់អ្នករបួសធ្ងន់ស្រាល ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយបាននាំយកនូវថវិកាមួយចំនួនជូនដល់ពួកគាត់ផងដែរ ។ ជាមួយគ្នាសម្តេចពិជ័យសេនា បានណែនាំដល់គ្រួសារ និង ជនរងគ្រោះត្រូវលេបនិងប្រើប្រាស់ថ្នាំសង្កូវ ជូតលាងមុខរបួស ទៅតាមវេជ្ជបញ្ជានិងការណែនាំរបស់គ្រូពេទ្យ និង ខំថែទាំសុខភាពឲ្យបានឆាប់ជាសះស្បើយ និង ចេញទៅប្រកបរបររកទទួលទានចិញ្ចឹមក្រុមគ្រួសារឡើងវិញ៕
No comments:
Post a Comment