ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជួបពិភាក្សារជាមួយ លោក NAGIRA atsushi អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន KOMATSU  និងលោក SHINO nobuyoshi ទីប្រឹក្សាបច្ចេកទេសរបស់អង្គការសកម្មកំចាត់មីនជប៉ុន JMAS នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

ជំនួបពិភាក្សានេះក៏មានការអញ្ជើញចូលរួមពី លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខត្តបាត់ដំបង លោក អភិបាលស្រុកគោលដៅរបស់គម្រោង លោកប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ ។

សូមជម្រាបផងដែរថានេះជាជំនួបលើកទី២ហើយ ដែលរដ្ឋបាលខេត្តបាត់ដំបង ជាមួយតំណាងក្រុមហ៊ុន KOMATSU និងតំណាងអង្គការសកម្មភាពកំចាត់មីនជប៉ុន JMAS បានជួបពិភាក្សា និងធ្វើបទបង្ហាញអំពីគម្រោង និងបច្ចេកទសគ្រឿងចក្រ។

សូមបញ្ជាក់ថា ក្រុមហ៊ុន KOMATSU ដែលជាក្រុមហ៊ុនផលិតគ្រឿងចក្រដ៏ធំមួយរបស់ប្រទេសជប៉ុន ដែលបានផ្តល់ជំនួយមនុស្សធម៌ លើកគម្រោងបោសសម្អាតមីន តាមរយៈអង្គការសកម្មភាពកំចាត់មីនជប៉ុន JMAS នៅកម្ពុជា ។ ដោយឡែកសម្រាប់ គម្រោងថ្មីមួយទៀតនេះ គឺគម្រោង គម្រោងគាំទ្រការងារស្តារ និងជួសជុលដីកសិកម្ម (FMS) ដោយប្រើគ្រឿងចក្រ ដែលជាជំនួយរបស់ក្រុមហ៊ុន KOMATSU និងតាមរយៈអង្គការសកម្មភាពកំចាត់មីនជប៉ុន JMAS ព្រមទាំងសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង ។

ឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តបានស្វាគមន៍ដល់ប្រតិភូជប៉ុន និងបានគាំទ្រទៅលើគម្រោង ការពង្រាបដីស្រែជួយប្រជាកសិករដែលមិនមានលទ្ធភាព នៅក្នុងខេត្តបាត់ដំបង ។ លោក លោក NAGIRA atsushi អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន KOMATSU និងលោក SHINO nobuyoshi ទីប្រឹក្សាបច្ចេកទេសគម្រោងអង្គការ JMAS បានរៀបរាប់និងធ្វើបទបង្ហាញដោយបានពន្យល់ពីអត្ថប្រយោជន៍ការប្រើប្រាស់គ្រឿងចក្រលើវិស័យកសិកម្មស្រូវ និងដំណាំកសិឧស្សាហកម្មក្នុងខេត្តបាត់ដំបង។

នៅក្នុងឱកាសនោះដែរ លោក SHINO nobuyoshi ទីប្រឹក្សាបច្ចេកទេសគម្រោងអង្គការ JMAS  បានស្វែងរកម្ចាស់ជំនួយបន្ថែមទៀតសម្រាប់ចូលរួមអភិវឌ្ឍន៍ខេត្តបាត់ដំបង ដោយលោក នឹងមានគម្រោងថ្មីមួយបន្ថែមទៀត គឺការសិក្សាដំឡើងប្រព័ន្ធចម្រោះទឹកស្អាតជូនដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងនៅតាមកន្លែងមួយចំនួនទៀតក្នុងខេត្ត ដែលជាជំនួយមនុស្សធម៌របស់ក្រុមហ៊ុនYAMAHA របស់ប្រទេសជប៉ុន ។

ឯកឧត្តម ងួន រតនៈ សូមធ្វើការគាំទ្រនិងទទួលយកនូវការជ្រោមជ្រែងជួយបង្កលក្ខណ:ដល់ភាគីជប៉ុន ដើម្បីដំណើរការគម្រោងទាំងនេះឲ្យបានសម្រេចជោគជ័យនិងថ្លែងអណរគុណដល់ជប៉ុនតែងបានជួយកម្ពុជារហូតមកពិសេសនៅខេត្តបាត់ដំបង៕