ខេត្តសៀមរាប៖ នាថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សហការជាមួយមន្រ្ដីផ្នែកប្រយុទ្ធនឹងជំងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្ត មន្ត្រីការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានចុះផ្សព្វផ្សាយពីវិធានការបង្ការ និងការកាត់បន្ថយហានិភ័យ នៃការឆ្លងជំងឺ រលាកសួតបង្កដោយមេរោគកូរ៉ូណាវីរុសថ្មីដល់សិស្សានុសិស្សមកពីអនុវិទ្យាល័យព្រះឥន្ទកោសា និងសិស្សានុសិស្សមកពីវិទ្យាល័យបច្ចេកទេសពួក ។

ការផ្សព្វផ្សាយនេះក្នុងគោល បំណងផ្ដល់នូវការយល់ដឹង ពីស្ថានភាពបច្ចុប្បន្ន នៃការឆ្លងមេរោគកូរ៉ូណាវីរុសថ្មី ដែល ពិភពលោកកំពុងមានការព្រួយបារម្ភរោគសញ្ញាសង្ស័យ នៃការឆ្លងមេរោគកូរ៉ូណាវីរុសថ្មី  និងវិធីបង្ការ៥យ៉ាង របស់ ក្រសួងសុខាភិបាល មានដូចជា៖ 
១-លាងដៃជាមួយសាប៊ូ និងទឹកស្អាត 
២-ខ្ទប់មាត់ និងច្រមុះនៅពេលក្អក និងកណ្តាស់ដោយកន្សែង ក្រមា ឬក្រដាស 
៣-ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្តាសាយ 
៤-បរិភោគសាច់ និងស៊ុតដែលចម្អិនឆ្អិនល្អ 
៥-ជៀសវាងប៉ះពាល់សត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់សម្ភារការពារខ្លួន ។

នៅចុងបញ្ចប់នៃការផ្សព្វផ្សាយ មន្ត្រីជំនាញក៏បានបង្ហាញពីវិធីពាក់ម៉ាស់ និងផ្ដល់សន្លឹកសារដេីម្បីអោយប្អូនៗយុវជនយកទៅផ្សព្វផ្សាយបន្ត ដល់មិត្តភក្ដិ ក៏ដូចជាក្រុមគ្រួសារ និងអ្នករស់នៅជិតខាងផ្ទះរបស់គាត់។