គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត បានចុះផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋពីហានិភ័យដែលអាចកើតឡើងដោយសារសំណង់អគារចាស់ទ្រុឌទ្រោម - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, January 27, 2020

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត បានចុះផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋពីហានិភ័យដែលអាចកើតឡើងដោយសារសំណង់អគារចាស់ទ្រុឌទ្រោម

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តកំពង់ឆ្នាំង អាជ្ញាធរ ក្រុង សង្កាត់ សមាជិិកគណៈកម្មការ គ.ក.ស.ក បានចុះផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋពីហានិភ័យដែលអាចកើតឡើងដោយសារសំណង់អគារចាស់ទ្រុឌទ្រោម ចំនួន ១៣ល្វែង ប្រជាពលរដ្ឋរស់នៅចំនួន ៦២នាក់ ស្មើនឹង ១៨គ្រួសារ ក្នុងនោះកុមារក្រោមអាយុ ១៨ឆ្នាំ មានចំនួន ១១ នាក់ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវផ្សារក្រោម ក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ផងដែរថា៖ កន្លងមកអាជ្ញាធរក្រុង-សង្កាត់-ភូមិ ប៉ុស្ថិ៍រដ្ឋបាល បានចុះជួបប្រជុំផ្សព្វផ្សាយលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តដល់ប្រជាពលរដ្ឋរួចហើយ។ ក្រោយពីជំនាញបានចុះត្រួតពិនិត្យ វាយតម្លៃថា គុណភាពសំណង់អគារស្នាក់នៅចំនួន១៣ ល្វែងបានសាងសង់តាំងពីឆ្នាំ ១៩៣១  មកដល់បច្ចុប្បន្ននេះ សំណង់អគារទាំងនេះ មានសភាពទ្រុឌទ្រោមខ្លាំង មិនមានគុណភាពអាចបន្តប្រើប្រាស់បាន និងមានហានិភ័យខ្ពស់ដល់អ្នកស្នាក់នៅ ដោយសារសរសរធ្នឹម និងបេតុងប្លង់សេជ្រាបទឹក ពុកផុយ ច្រែសស៊ី របេះបេតុង ងាយនឹងបាក់ស្រុត ដែលគួរឱ្យព្រួយបារម្ភជាខ្លាំង។

ដើម្បីចៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ ដែលអាចកើតមានឡើងដោយសារការបាក់ស្រុត រលំ សំណង់អគារនេះ រដ្ឋបាលខេត្ត បានស្នើសុំឱ្យប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងសំ​ណង់អគារខាងលើទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ឬគួរចាកចេញពីទីតាំងសំណង់ខាងលើនេះ ជាបណ្តោះអាសន្នសិន  ជៀសវាងការជួបគ្រោះថ្នាក់ដោយយថាហេតុ។

ជាក់ស្ដែងក្នុងពេលថ្មីៗនេះ មានករណីបាក់អគារនៅខេត្តកែប បន្សល់ភាពសោកសៅសម្រាប់ក្រុមគ្រួសារ ដែលបាត់បង់សាច់ញាតិច្រើននៅក្នុងគ្រោះថ្នាក់បាក់អគារនោះ បង្ហាញក្តីសោកសង្រែងដែលសមាជិកគ្រួសារបានស្លាប់ និងរងរបួស ក្នុងនោះមានក្មេងៗ និងកុមារតូចៗ ដែលអ្នកខ្លះមានអាយុទើបតែ៣ខែ និង៨ខែប៉ុណ្ណោះ ការបាក់អគារនេះបណ្តាលឲ្យមនុស្ស ៣៦នាក់ស្លាប់ ក្នុងនោះក៏មានស្ត្រីមានផ្ទៃពោះផងដែរ ៕




No comments:

Post a Comment

Pages