ខេត្តស្វាយរៀង៖ នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ឯកឧត្ដម សុខ រស់ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០០៩សហវ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក លោកស្រីជាអភិបាលរងក្រុងស្រុក មន្ត្រីទទួលបន្ទុកការងារហិរញ្ញវត្ថុនៅតាមបណ្ដាមន្ទីរ-អង្គភាព ក្រុង ស្រុក និងស្មៀនឃុំសង្កាត់ក្នុងខេត្ត ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្ដម សុខ រស់ អភិបាលរងខេត្ត បានថ្លែងថា ការអនុវត្តថវិការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាស្នូលនៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ វាជាឧបករណ៍សម្រាប់ផ្សារភ្ជាប់គម្រោងថវិការរដ្ឋ ទៅនឹងគោលនយោបាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស គឺផ្សារភ្ជាប់ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព នៃការគ្រប់គ្រង និងប្រើប្រាស់ធនធានសាធារណៈ តាមរយៈការបង្កើនការទទួលខុសត្រូវ និងគណនេយ្យភាពរបស់ស្ថាប័នថ្នាក់ក្រោមជាតិ ដែលត្រូវតែអនុវត្តឲ្យខានតែបាន ។

ឯកឧត្ដមអភិបាលរងខេត្ត បានបន្តថា ការផ្សព្វផ្សាយសារាចរណែនាំនៅពេលនេះ គឺស្ថិតក្នុងដំណាក់កាលមួយដ៏មានសារៈសំខាន់បំផុតសម្រាប់បញ្ជ្រាបជំរុញ និងពង្រីកការអនុវត្តសកម្មកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឲ្យដល់បណ្តារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលបោះទីតាំងនៅមូលដ្ឋាន និងជាខ្សែបណ្តោយថ្នាក់ជាតិ។ ជាមួយនេះឯកឧត្ដមបានស្នើដល់បណ្តាអង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិក៏ដូចជា អស់លោក លោកស្រីដែលមានភារកិច្ចទទួលខុសត្រូវក្នុងការអនុវត្តការងារ ត្រូវតែលើកកម្ពស់សមត្ថភាព ការយល់ដឹង ការស្វែងយល់ឲ្យបានស៊ីជម្រៅនូវនីតិវិធី និងវិធានទាំងឡាយ ដែលបានចែងក្នុងសារាចរណែនាំនេះ ដើម្បីលើកកម្ពស់ការងារកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាគោលនយោបាយសំខាន់នៅក្នុងគោលនយោបាយកំណែទម្រង់ដទៃទៀតរបស់រាជរដ្ឋាភិបាល សំដៅប្រែក្លាយជាសមិទ្ធផលសម្រេចជោគជ័យជានិរន្ត និងចិរភាពសម្រាប់យើងទាំងអស់គ្នា ហើយឯកឧត្ដមសង្ឃឹមថា ការផ្សព្វផ្សាយសារាចរនេះ នឹងផ្តល់ឱកាស និងពេលវេលាគ្រប់គ្រាន់សំរាប់ឈ្វេងយល់ និងទទួលនូវពុទ្ធិបន្ថែមលើសារាចរណែនាំនេះ ជាពិសេសនឹងទទួលបាននូវការអនុវត្តថវិកាចំណូល ចំណាយថវិកាឆ្នាំ២០២០ កាន់តែសុក្រឹត្យគ្រប់ជ្រុងជ្រោយ និងមានលក្ខណៈប្រាកដនិយម ផ្សារភ្ជាប់ទៅនឹងគោលបំណងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីទទួលបានលទ្ធផលជោគជ័យតាមការរំពឹងទុក ៕