ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អញ្ជើញបើកការដ្ឋានជួសជុលផ្លូវក្រួសលាយល្បាយថ្មភ្នំ ប្រវែង៦៣០០ម៉ែត្រ ទទឹង ៥ម៉ែត្រ - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, January 20, 2020

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អញ្ជើញបើកការដ្ឋានជួសជុលផ្លូវក្រួសលាយល្បាយថ្មភ្នំ ប្រវែង៦៣០០ម៉ែត្រ ទទឹង ៥ម៉ែត្រ

ខេត្តប៉ៃលិន៖ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម ចេង ញ៉ាន់ និងឯកឧត្តម ហុក សុផល អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវក្រួសលាយល្បាយថ្មភ្នំ ប្រវែង ៦៣០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅភូមិអូរសួស្តី សង្កាត់​អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលជាជំនួយ​ឥតសំណង​របស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈគម្រោងទ្រង់​ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូនិ)។

នៅក្នុងឱកាស​នោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាល​កម្ពុជាក្រោម​ការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានខិតខំប្រឹង​ប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់​ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍​ប្រទេស​ជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការ​កសាង​ហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ជាដើម។

ឯកឧត្តម​អភិ​បាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ជាក់ស្តែងការជួសជុលផ្លូវក្រួសលាយល្បាយថ្មភ្នំ ១ខ្សែរនេះ គឺមានតួនាទីជួយសម្រួលបានមួយកម្រឹត ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរ​ទៅសិក្សារបស់ក្មួយៗសិស្សានុសិស្សផងដែរ។
ឯកឧត្តម​អភិបាល​ខេត្ត ក៍បានជំរុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ជាពិសេសមេឃុំ/ចៅសង្កាត់ និងមេភូមិទាំងអស់ ដែលគៀកផ្ទាល់នឹងប្រជាជន ត្រូវខិតខំបំពេញការងាររបស់ខ្លួន​ដោយការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវ៉ាសាធារណៈនានាជូនប្រជាពលរដ្ឋ និងត្រូវខិតខំដោះស្រាយបញ្ហាប្រឈម​នានាដែល​កើតមានឡើងនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់និងឆាប់រហ័ស។

ឯកឧត្តម ផាន់ ចាន់ធុល បានលើក​ឡើងថា៖ នយោបាយឈ្នះ ឈ្នះ របស់សម្តេចជោ សែន បាននាំមកនូវសន្តិភាព​នៅទូទាំង​ប្រទេស ដូច្នេះសន្តិភាពនេះហើយ គឺបានផ្តល់ឱកាសដល់ប្រជា​ពលរដ្ឋនៅទូទាំងប្រទេសរស់នៅដោយសុខសាន្ត ដោយចូលរួម​អបអរសាទរ និងកំសាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំទាំងអស់ ជាពិសេសបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ឆ្លៀតក្នុងឱកាសនោះផងដែរ​ឯកឧត្តម​អភិបាលខេត្ត ក៍បានថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាល បានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការ​ចូលរួមចំណែកស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា តាំងពីដើម​ឡើយ​រហូត​ដល់បច្ចុប្បន្ន។

សូមបញ្ជាក់ថា៖ ផ្លូវក្រួសលាយល្បាយថ្មភ្នំ ដែលជាជំនួយឥត​សំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈ​គម្រោង​ទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូនិ) បានបើកការ​ដ្ឋានជួសជុលនាពេលនេះ គឺមានប្រវែង ៦៣០០ម៉ែត្រ ទទឹង ៥ម៉ែត្រ សំណង់សិល្បការចំនួន ៧កន្លែង និងគ្រឿងបរិក្ខា​រ​ចរាចរណ៍​មួយចំនួនទៀត ដែលមានប្រជាពលរដ្ឋ ចំនួន ៤ភូមិ គឺ​ភូមិអូរសួស្តី ភូមិអូរតាវ៉ៅ ភូមិកូនភ្នំ និងភូមិប៉ាងរលឹម ស្មើនឹង​ប្រជាជន ចំនួន ៦៩៧២នាក់។







No comments:

Post a Comment

Pages