លោក ប៉ាន សូរស័ក្ដិ តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារស្នាក់ការកណ្តាលក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, January 18, 2020

លោក ប៉ាន សូរស័ក្ដិ តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារស្នាក់ការកណ្តាលក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាង លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអញ្ជើញចូលរួមជាអធិបតីក្នុង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារស្នាក់ការកណ្តាលក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ដែលទើបតែនឹងសាងសង់រួច។

ថ្លែងក្នុងពិធីសម្ពោធនាពេលនោះ លោករដ្ឋមន្ត្រី ក្នុងនាមលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានកោតសរសើរចំពោះក្រុមហ៊ុនតូយ៉ូតា ដែលបានពង្រីកសាខាជាបន្តបន្ទាប់តាំងពីឆ្នាំ១៩៩៥ ហើយកាន់តែពិសេសនោះ គឺនៅឆ្នាំ២០២០ ក្រុមហ៊ុនបានសម្ពោធអគារស្នាក់ការកណ្តាលរបស់ខ្លួន ដើម្បីបំពេញតម្រូវការអតិថិជនរបស់ខ្លួន។ ការវិវឌ្ឍន៍ និងរីកចម្រើនរបស់ក្រុមហ៊ុនតូយ៉ូតា ក៏ដូចជាវិស័យឯកជនទូទៅ បានឆ្លុះបញ្ជាំងជាក់ស្ដែងពីការអនុវត្តគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ហើយតាមរយៈនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចនូវសមិទ្ធផលធំៗយ៉ាងច្រើនគួរជាទីមោទនៈ ដូចជា៖

- សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
- ដំណើរការកែទម្រង់ដ៏ស៊ីជម្រៅ និងទូលំទូលាយ ជាពិសេសកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
- សម្រេចបានកំណើនខ្ពស់ប្រមាណ ៧% ក្នុងបរិការណ៍អតិផរណាទាប អត្រាប្តូរប្រាក់មានស្ថិរភាព និងទុនបម្រុងអន្តរជាតិបន្តកើនឡើង។
- កំណើននៃផលិតផលក្នុងស្រុកសរុបជាមធ្យមសម្រាប់មនុស្សម្នាក់ ប្រមាណពី ១.៥៤៨ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ១.៦៧៩ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។ អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយមកក្រោម ១០% នាពេលបច្ចុប្បន្ន ហើយអត្រាគ្មានការងារមានប្រមាណ ០,៣% ប៉ុណ្ណោះ។

លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា សន្តិភាពគឺជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងធានាដល់ការទាក់ទាញវិនិយោគទុនពីក្រៅប្រទេស។ គ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍ។ ជាក់ស្តែងនាពេលបច្ចុប្បន្ន ដោយសារសន្តិភាព ទើបប្រជាជនកម្ពុជាមានជីវភាពកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយផ្ដើមចេញពីនោះ តម្រូវការប្រើប្រាស់របស់ប្រជាជនកម្ពុជាក៏មានការកើនឡើង រាប់ទាំងតម្រូវការប្រើប្រាស់យានយន្តជាមធ្យោបាយធ្វើដំណើរ។ ដូច្នេះសូមអរគុណសន្តិភាព និងការអភិវឌ្ឍ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកយ៉ាង សំខាន់ក្នុងដំណើរស្វែងរកសន្តិភាព ឯកភាពជាតិ ព្រមទាំងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឲ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃ តាមរយៈការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំនួយបច្ចេកទេសនានា និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការវិនិយោគរបស់វិស័យឯកជនជប៉ុននៅកម្ពុជា។ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដោយបានបង្កើតយន្តការកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន។ ជាមួយគ្នានេះ កម្ពុជា-ជប៉ុន កំពុងស្ថិតក្នុងដំណើរការនៃការចរចាលើកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ លើសពីនោះ ក្រសួងពាណិជ្ជកម្មបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយអង្គការ JETRO ក្នុងគោលបំណងបង្កើតក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងការជំរុញពាណិជ្ជកម្មរវាងភាគី ទាំងពីរកម្ពុជា-ជប៉ុន សំដៅ៖ ១) ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងជប៉ុនក្នុងវិស័យពាណិជ្ជកម្ម ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត និង ២) លើកកម្ពស់បរិយាកាសវិនិយោគ ដើម្បីលើកទឹកចិត្តក្រុមហ៊ុនឯកជនជប៉ុនឲ្យធ្វើអាជីវកម្មនៅកម្ពុជា។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន នៅឆ្នាំ២០១៨ មានទឹកប្រាក់ប្រមាណជាង ១,៦ ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជាបាននាំចេញទៅជប៉ុននូវទំនិញសក្ដានុពលមួយចំនួន មានដូចជាសម្លៀកបំពាក់ស្ត្រី ស្បែកជើង ខ្សែអ៊ីស៊ូឡង់ និងបរិក្ខារអគ្គិសនី ក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារអាមេរិក។ រីឯជប៉ុនបាននាំចូលមកកម្ពុជានូវទំនិញសក្តានុពល ដូចជា យានយន្ត គ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក សំបកកង់ និងផលិតផលប៉្លាស្ទិច ជាដើម មានទំហំទឹកប្រាក់ប្រមាណ ៥០៩ លានដុល្លារអាមេរិក។

ក្នុងក្របខ័ណ្ឌនៃការវិនិយោគផ្ទាល់ពីជប៉ុន គិតពីឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន ១៣៧ គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក ផ្ដោតសំខាន់លើផ្នែកផលិតគ្រឿងបង្គុំអគ្គិសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារៈបរិក្ខារបច្ចេកទេសកសិឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។







No comments:

Post a Comment

Pages