ខេត្តក្រចេះ៖ ប៉ុស្តិ៍សុខភាព១កន្លែង ស្ថិតក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ដែលជាចំណងដៃថ្មីនៃការធ្វើវេទិការសាធារណៈ ដែលជាកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋបានលើកឡើង និងស្នើសុំ ពេលនេះ បានឆ្លើយតបទៅវិញ យ៉ាងពេញចិត្ត និងមានទំនុកចិត្តពីប្រជាពលរដ្ឋ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីជួយបង្កើន និងពន្លឿនការផ្តល់សេវាសុខាភិបាលជូនប្រជាលរដ្ឋក្នុងសង្កាត់កោះទ្រង់នេះ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២០ ក្រោមអធិបតី ឯកឧត្ដម ប៉ែន លីណាត អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ។

តាមការបញ្ជាក់ពីលោក ងី ប៊ុនឡែន អនុប្រធានមន្ទីរសុខាភិបាលថា ៖ សម្រាបឆ្នាំ២០២០នេះ មន្ទីរសុខាភិបាល បាននិងកំពុងដំណើរការសាងសង់អាគារមណ្ឌលសុខភាពបន្ថែមចំនួន ៨កន្លែង ក្នុងនោះមាន ៖ មណ្ឌលសុខភាពព្រែកសាម៉ាន់ ស្រុកឆ្លូង -មណ្ឌលសុខភាពកំពង់គរ ស្រុកព្រែកប្រសព្វ -មណ្ឌលសុខភាពស្រែជិះ ស្រុកស្រួល -មណ្ឌលសុខភាពថ្មអណ្ដើក ស្រុកចិត្របុរី -មណ្ឌលសុខភាពគោលាប់ ស្រុកចិត្របុរី -មណ្ឌលសុខភាពអូរឫស្សី ក្រុងក្រចេះ -មណ្ឌលរកាកណ្ដាល សង្កាត់រកាកណ្ដាល ក្រុងក្រចេះ និងមណ្ឌលសុខភាពបុសលាវ ស្រុកចិត្តបុរី ។

ឯកឧត្ដម ប៉ែន លីណាត អភិបាលរងខេត្តមានប្រសាសន៍ថា អគារប៉ុស្តិ៍សុខភាពនេះ គឺជាចំណងដៃដ៏ថ្មីមួយសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ មានភាពងាយស្រួលក្នុងការទៅទទួលសេវាសុខភាព ពិគ្រោះ និងព្យាលជំងឺផ្សេងៗ ជាពិសេសកុមារតូច និងស្ត្រីមានផ្ទៃពោះ ក្នុងការចាក់វ៉ាក់សាំង ក៏ដូចជាពិនិត្យផ្ទៃពោះ និងសម្រាលកូនជាដើម ។ និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ នៃមន្ទីរសុខាភិបាលខេត្ត ដែលតែងតែគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋ និងមានការទំនាក់ទំនងល្អជាមួយភ្ញៀវជាតិ អន្តរជាតិ ដើម្បីស្វែងរកដៃអភិវឌ្ឍន៍នានា មកអភិវឌ្ឍន៍ក្នុងទឹកដីខេត្តក្រចេះចេះ ។ យើងមានមណ្ឌលសុខភាព ឬមណ្ឌលសុខភាពល្អហើយ ដូច្នេះសូមឲ្យលោកគ្រូ អ្នគ្រូពេទ្យ ត្រូវមានវត្តមានជាប្រចាំ ត្រូវមានថ្នាំគ្រប់គ្រាន់ដើម្បីផ្តល់សេវាសាធារណៈឲ្យបានល្អនៅក្នុងឃុំសង្កាត់នេះ ដោយមានការទទួលខុសត្រូវខ្ពស់ មិនត្រូវប្រកាន់បក្សពួកនិយមឡើយ។

ឯកឧត្ដមក៏បានជម្រុញណែនាំដល់បងប្អូនប្រជាពលរដ្ឋជានារីដែលមានផ្ទៃពោះ និងកំពុងមានផ្ទៃពោះ ត្រូវឧស្សាហ៍មកធ្វើការពិនិត្យផ្ទៃពោះ ឲ្យបានទៀងទាត់ទៅតាមបញ្ជារគ្រូពេទ្យ មុនពេលសម្រាល ហើយរាល់ការមកពិនិត្យនេះ មិនមានការបង់ថ្លៃសេវានោះទេ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមផងដែរ ដែលនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល លើកទឹកចិត្តចំពោះស្រ្តីមានផ្ទៃពោះ ម្យ៉ាវិញទៀតសូមឲ្យបងប្អូនទំាងថែរក្សាសុខភាព និងត្រូវទៅរកសេវានៅមណ្ឌលសុខភាព ឲ្យបាបគ្រប់គ្នាជាប់ជាប្រចាំ ៕