(កណ្ដាល)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០២០នេះ បានលើកឡើងថា យុវជនជំនាន់ក្រោយៗនេះ មានភ័ព្វសំណាង និងមានឱកាសក្រេបជញ្ជក់ ចំណេះដឹងពេញលេញ ក្រោមម្លប់សន្តិភាព សម្ដេចតេជោ ហ៊ុន សែន។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល តំណាងសម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងពិធីសម្ពោធអគារសិក្សា១ខ្នង កម្ពស់២ជាន់ មាន១០បន្ទប់ ទទឹង៩ម៉ែត្រ បណ្តោយ៤៦ម៉ែត្រ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីលោក គង់ សោភណ្ឌ័ អភិបាល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០២០នេះ។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្តថា យុវជនជំនាន់មុនៗ មិនមានភព្វ័វាសនា គ្មានពេលវេលាគ្រប់គ្រាន់ បានរៀនសូត្រពេញលេញ ដូចយុវជន សម័យបច្ចុប្បន្ននេះទេ ដោយសារប្រទេសជាតិ មានសង្គ្រាមអសន្តិសុខ និងគ្មានហេដ្ឋារចនាសម្ព័ន្ធសង្គម គ្មានសាលារៀន។

នាយឧត្តមសេនីយ៍ បានលើកឡើងថា សព្វថ្ងៃនេះ ក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ មានហេដ្ឋា រចនាសម្ព័ន្ធផ្លូវ ល្អខ្វាត់ខ្វែងសាលារៀន រាប់ពាន់ខ្នងបង្កើត ឲ្យមានវិទ្យាល័យនៅគ្រប់ឃុំ បង្ខិតសាលារៀន ឲ្យនៅជិតផ្ទះបង្កលក្ខណៈងាយស្រួលឲ្យកូនខ្មែរ បានចូលរៀនគ្រប់ៗគ្នា និងអាចបន្តការសិក្សា នៅក្រៅប្រទេសដូចជនជាតិដ៍ទៃដែរ។

នាយឧត្ដមសេនីយ៍ បានលើកឡើងទៀតថា វិស័យអប់រំ គឺជាវិស័យមួយមានអាទិភាពខ្ពស់ ដែលរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ពិសេសក្នុងយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៤ បានកំណត់គោលដៅជាយុទ្ធសាស្រ្ត គឺបន្តអនុវត្តផែនការយុទ្ធសាស្រ្ត ដោយផ្តោតលើការផ្តល់ឱកាសដល់កុមារ និងយុវជនកម្ពុជាទាំងអស់ ក្នុងការទទួលការអប់រំមូលដ្ឋាន ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ព្រមទាំងបន្តយកចិត្តទុកដាក់ លើការកែលម្អគុណភាពអប់រំ ដើម្បីឆ្លើយតប ទៅនឹងសេចក្តីត្រូវការ នៃការអភិវឌ្ឍប្រទេសជាតិ។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ មិនត្រូវយកពេលទំនេរទៅដើរលេង សេពគបមិត្តភក្តិមិនល្អ ត្រូវជៀសវាង ឲ្យផុតពីគ្រឿងញៀន និងល្បែងស៊ីសង ដែលសង្គមស្អប់ខ្ពើម គឺត្រូវខិតខំសិក្សារៀនសូត្រ ពង្រឹងសមត្ថភាព ដើម្បីធ្វើខ្លួន ឲ្យសាកសមជាទំពាំងស្នងឫស្សី និងក្លាយជាធនធានមនុស្ស ដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ នាពេលអនាគត។

តាមរបាយការណ៍ របស់លោក អ៊ូច សៅវឿន អភិបាល ស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា សមិទ្ធផលថ្មី អគារសិក្សា០១ខ្នង កម្ពស់០២ ជាន់មាន១០ បន្ទប់ទទឹង០៩ ម៉ែត្រ បណ្តោយ៤៦ ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដឹកនាំកសាងដោយ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី និងក្រុមការងារ ។

ក្នុងឆ្នាំ២០២០នេះ នៅទូទាំងស្រុក មានសាលារៀនគ្រប់កំរិតចំនួន៦៨កន្លែង ស្មើ៥៤៨ថ្នាក់ អគារសិក្សាសរុប១៥០ខ្នង ក្នុងនោះ សាលាមត្តេយ្យ១៧កន្លែង សាលាបឋមសិក្សា៣២កន្លែង អនុវិទ្យាល័យ១៦កន្លែង វិទ្យាល័យ៣កន្លែង។ អគារសិក្សារបស់សម្តេចតេជោ ហ៊ុន សែន មាន៤០ខ្នង ស្មើ២១០បន្ទប់ និងមានសិស្សសរុប ២០,២៩២នាក់ ស្រី១០,១៣៥ គ្រូសរុប៧៦៩នាក់ ស្រី៤១៣នាក់។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី បានចែកអំណោយជូនយាយជីតាជី សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ ក្រុមយុវជនកាយរិទ្ធ កាកបាទក្រហមកម្ពុជា ផ្ដល់ជូនកុំព្យូទ័រ៥គ្រឿង និងព្រីនធ័រ៥គ្រឿង ម៉ាស៊ីនភ្លើង២គ្រឿង ជូនវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត និងបានឧបត្ថម្ភថវិកា ជូនវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត សាលាស្រុក កងកម្លាំងប្រដាប់អាវុធ៕