ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ឯឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់តាំងលោក ទៀង សុគន្ធ នាយកសាខា ដឹកនាំប្រតិភូសាខា ១ក្រុម ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅឧបត្ថម្ភជូនដល់គ្រួសារសពកុមារលង់ទឹកស្លាប់ចំនួន ៣ គ្រួសារ ក្នុងនោះ ៖ ចំនួន ២គ្រួសារ នៅភូមិតានូ ឃុំស្អាងភ្នំ និង ១គ្រួសារទៀត នៅភូមិបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

មានមតិសំណេះសំណាលទៅកាន់គ្រួសាររងគ្រោះទាំងបី លោក ទៀង សុគន្ធ ក្នុងនាម ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសេចក្តីនឹករឭក និងក្តីអាណិតអាសូរយ៉ាងពន់ពេក ។

លោកនាយកសាខា បានសំណូមពរដល់គ្រួសាររងគ្រោះទាំងបី សូមមេត្តាកាត់ចិត្តទប់អារម្មណ៍ ព្រោះហេតុការណ៍ទាំងអស់នេះ វាក៏បានកន្លងផុតអស់ហើយ តែអ្វីដែលយើងត្រូវគិតគូរដោះស្រាយជាបន្តនោះ គឺការងាររកចំណូលតាមសមត្ថភាពរៀងៗខ្លួន សម្រាប់ទ្រទ្រង់ដល់ជីវភាពគ្រួសារឡើងវិញឲ្យមានភាពប្រសើរ ។ លោកបានបន្តទៀតថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដោយពុំមានការរើសអើងពូជសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ។ នៅចុងបញ្ចប់ លោកនាយកបានផ្តាំផ្ញើសូមបងប្អូនយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានគ្រប់ៗគ្នា ពិសេសចូលរួមអនុវត្តនូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក្នុងសហគន៍ ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ កុមារពីរនាក់បងប្អូនជីដូនមួយ នៅភូមិតានូ ឃុំស្អាងភ្នំ បានតាមឪពុកទៅបង់សំណាញ់ រួចលេងទឹកបណ្ដាលអោយលង់ស្លាប់ និងកុមារីរងគ្រោះម្នាក់ នៅភូមិបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង នៅរសៀលថ្ងៃទី២២ ខែឧសភា ដែរ បាននាំគ្នាជិះទូកទៅលេងកោះ ខ្សាច់ជន្លេ ជាមួយជីដូន និងឪពុកម៉ា ពេលទៅជិតដល់ស្រាប់តែលិចទូក បណ្ដាលអោយកុមារីរងគ្រោះស្លាប់។

អំណោយបានឧបត្ថម្ភជូនដល់គ្រួសារនីមួយៗ រួមមាន ៖ អង្ករ ៥០ គីឡូក្រាម ,មី ២កេស ,ទឹកសុទ្ធ ២កេស ,ទឹកក្រូច ២កេស ,ម៉ាស់ ១០បន្ទះ ,ទឹកអាល់កុល ១ដបធំ និងថវិកាចំនួន ៥០ម៉ឺនរៀល ៕