ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ នៅក្នុងបរិវេណវត្តពោធិសត្ថារាម ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ទីចាត់ការអង្គភាពចំណុះសាលាខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលស្រុក ប្រធានការិយាល័យជុំវិញស្រុក សហគមន៍មូលដ្ឋាន និងអង្គការដៃគូអភិវឌ្ឍន៍នានា។
ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា ការរៀបចំប្រារព្ធធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅថ្ងៃនេះ គឺដើម្បីបង្កើតឡើងនូវវប្បធម៌នៃការពិភាក្សា និងការលើកកម្ពស់គណនេយ្យភាព តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ជាងនេះទៅទៀត វេទិកានេះបានបង្កប់នូវគន្លឺះពីរពាក្យ គឺផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដោយផ្សព្វផ្សាយសំដៅទៅលើការផ្តល់ព័ត៌មានអំពីសមិទ្ធផលនានា ដែលរដ្ឋបាលខេត្តសម្រេចបាន និងសកម្មភាពអាទិភាព នៃការអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២០។ ចំណែក ការពិគ្រោះយោបល់ គឺជាផ្តល់ឱកាសឱ្យប្រជាពលរដ្ឋចូលរួមក្នុងការពិភាក្សាលើរបាយការណ៍នានា របស់រដ្ឋបាលខេត្ត ទទួលយកនូវអនុសាសន៍ សំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងធ្វើការឆ្លើយតបប្រកបប្រសិទ្ធភាព ក្នុងការផ្ដល់ សេវាសាធារណៈ។
ឆ្លៀតក្នុងឪកាសនោះ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រីតំណាងប្រជាពលរដ្ឋ ព្រមទាំងអាជ្ញាធរស្រុក ឃុំដែលបានផ្ដល់ជាមតិយោបល់ លើកឡើងបញ្ហា សំណូមពរ និងពិភាក្សាដោះស្រាយបញ្ហាយ៉ាងផុលផុស។ លោកជំទាវ បានបញ្ជាក់បន្ថែមទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទើបប្រទេសជាតិយើងមានសុខសន្ដិភាព ហើយសុខសន្ដិភាពនេះ បានផ្ដល់ឪកាសដ៏ធំធេងដល់ពួកយើងទាំងអស់គ្នា បានជួបប្រជុំគ្នារៀបចំវេទិកាផ្សព្វផ្សាយលទ្ធផលសកម្មភាពការងាររបស់រដ្ឋបាលខេត្ត និងពិគ្រោះយោបល់ក្នុងការកែលំអនូវចំណុចខ្វះខាតផ្សេងៗ ជារួមសន្ដិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះយើងសូមអរគុណសន្ដិភាព។
បន្ថែមពីនោះលោកជំទាវ អភិបាលរងខេត្ត ក៏បានអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តវិធានការអនាម័យឲ្យបានបខ្ជាប់ខ្ជួនជាប្រចាំដោយរស់នៅស្អាត ហូបស្អាត និងផឹកស្អាត។ ការអនុវត្តតាមលក្ខខណ្ឌទាំងនេះ គឺធ្វើឲ្យយើងមានសុខភាពល្អ រាងកាយរឹងប៉ឹងមាំមួន ជាពិសេសចូលរួមទាំងអស់គ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ តាមសេចក្ដីណែនាំរបស់ក្រសួងសុខភិបាល និងបន្ដចូលរួមចំណែកអភិវឌ្ឍសង្គមជាតិឲ្យមានការរីកចំរើនបន្ថែមទៀត។
គូសបញ្ជាក់ថា សំណួរ សំណូមពរដែលបានលើកឡើងនៅក្នុងវេទិកានោះ គឺមាន ១២ចំណុចពាក់ព័ន្ធនឹង បញ្ហាហេដ្ឋារចនាសម្ព័ន្ធ(ជួសជុលផ្លូវ) បញ្ហាដរទទឹង(បុគ្កលិកដរទទឹងមានអាកប្បកិរិយា សំដីមិនសមរម្យនិងស្នើចុះតម្លៃសេវា) និងបញ្ហាប្រជាពលរដ្ឋបម្លាស់ទីផ្ទះបណ្ដែតទឹកមករស់នៅលើគោកសំណូមពរដីអាស្រ័យផល អាជ្ញាធរខេត្ត មន្ទីរជំនាញ បានឆ្លើយបំភ្លឺ និងទទួលយកចំពោះ បញ្ហា សំណូម ពរ ដែលពាក់ព័ន្ធនឹង វិស័យ ដីធ្លី(ដីតំបន់៣) ដែលប្រជាពលរដ្ឋសំណូមពរយកអាស្រ័យផលដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងចាត់វិធានការដោះស្រាយជូនបន្តបន្ទាប់៕
No comments:
Post a Comment