ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងមានជីវភាពខ្វះខាត ចំនួន ១៩៥គ្រួសារ ទទួលអំណោយសប្បុរសជន តាមរយៈឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅវត្តសូជ័យឧត្តម ហៅវត្តទឹកអណ្ដូង ស្ថិតនៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។


ថ្លែងក្នុងពិធីចុះសាកសួរសុខទុក្ខនោះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ឯកឧត្តមពិតជាមាន ក្តីសោមនស្សរីករាយ ដែលបានមកជួបមុខពុកម៉ែបងប្អូននៅពេលនេះ ព្រមទាំងពាំនាំនូវការផ្ដាំផ្ញើការសាកសួរ សុខទុក្ខ ពី សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេរតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខពុកម៉ែបងប្អូនទាំងអស់នៅគ្រប់ទីកន្លែង ជាពិសេសនៅ ក្នុងរយៈពេលដែលបងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេសកំពុងតែជួបនូវគ្រោះជំនន់ទឹកភ្លៀងនៅពេលនេះ។


លើសពីនេះទៀត ឯកឧត្តម ក៏មានការព្រួយបារម្ភទៅលើការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធ និងដំណាំស្រូវ របស់ បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងនូវការខូចខាត ព្រមទាំងជំរុញឲ្យមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ពិនិត្យ ផលប៉ះពាល់ ដើម្បីពិនិត្យលទ្ធភាពធ្វើការជួសជុលកែលម្អរចនាសម្ព័ន្ធឡើងវិញ និងប្រមូលទិន្នន័យជាក់ស្ដែង លើការ ខូចខាត ដំណាំស្រូវរបស់បងប្អូន ដើម្បីស្នើសុំពូជស្រូវពីរាជរដ្ឋាភិបាល យកមកចែកជូនបងប្អូន ប្រជាពលរដ្ឋ ធ្វើការបង្កបង្កើនផល បន្ទាប់ពីទឹកត្រូវបានស្រកទៅវិញ។


ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ ក៏បានស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវខំថែរក្សានូវកត្តាសុខសន្តិភាព ដែលរកបានដោយកម្រនេះ មានសុខសន្តិភាពប្រទេសជាតិទើបមានការអភិវឌ្ឍ ព្រមទាំងអំពាវនាវដល់ ប្រជាពលរដ្ឋ ទាំងអស់ ខិតខំថែរក្សាសុខភាព ហូបស្អាត រស់នៅស្អាត គេងក្នុងមុងជានិច្ច ដើម្បីការពារមូសខាំ ជៀសវាងកើតនូវជំងឺផ្សេងៗ ការរក្សាអនាម័យ សម្អាតបរិស្ថានជុំវិញផ្ទះ ដាំដំណាំបន្លែបរួមផ្សំ ក៏ដូចជាការ ចិញ្ចឹមសត្វជាដើម ដើម្បីជួយលើកស្ទួយក្នុងជីវភាពក្នុងគ្រួសារ។


ចុងក្រោយថ្នាក់ដឹកនាំខេត្ត ក៏បានចែកអំណោយជាមិត្តរូប ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេះ ទឹកបរិសុទ្ធ ១កេះ ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងទឹកត្រី ១យួរ៕