ជនសង្ស័យមេខ្លោងគ្រឿងញៀន មិនព្រមចុះចាញ់ និងបាញ់តដៃជាមួយសមត្ថកិច្ច ទីបំផុតចាញ់ល្បិចរបស់ស្នងការវ័យក្មេង - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, November 11, 2020

ជនសង្ស័យមេខ្លោងគ្រឿងញៀន មិនព្រមចុះចាញ់ និងបាញ់តដៃជាមួយសមត្ថកិច្ច ទីបំផុតចាញ់ល្បិចរបស់ស្នងការវ័យក្មេង

ប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន ដែលមានមេខ្លោងបានប្រើកាំភ្លើងអាកាបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ចនោះ នៅទីបំផុត បានចាប់ឃាត់ខ្លួនជនដៃដល់ជាមេខ្លោងម្នាក់ ប្រកបដោយជោគជ័យ និងសុវត្ថិភាព ស្ថិតក្នុង ភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាលដោយប្រើពេលវេលា និងឡោមព័ទ្ធជាច្រើនម៉ោង ចាប់តាំងពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។


ជនសង្ស័យជាមេខ្លោងគ្រឿងញៀននេះឈ្មោះ លៀន ទិត្យ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងនគរបាលព្រហ្មទណ្ឌខេត្ត ក្រោមការដឹកនាំបញ្ជាដោយ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងមានការចូលរួមពីអភិបាលស្រុកស្អាងផងដែរ។


ជាមួយវិធីសាស្ត្របង្ក្រាប កម្លាំងសមត្ថកិច្ចបានធ្វើជាដកថយ គឺលោកស្នងការ បានបញ្ជាឲ្យកម្លាំងធ្វើពុតជាដកថយផង ដើម្បីការពារខ្លួនផង និងរៀបគម្រោងផង, ការធ្វើបែបនេះដើម្បីឲ្យជនសង្ស័យគិតថា កម្លាំងសមត្ថកិច្ចខ្សោយជាងខ្លួន ខ្លាចខ្លួន និងចង់ធ្វើឱ្យជនសង្ស័យកាន់តែបានចិត្ត ម្យ៉ាងចង់ឲ្យជនសង្ស័យគិតថា ទីកន្លែងដែលលាក់ខ្លួនមួយនេះ ត្រូវបានសមត្ថកិច្ចដឹងហើយជនសង្ស័យអាចនឹងបម្លាស់ទីលាក់ខ្លួន ពេលនោះ កម្លាំងសមត្ថកិច្ចអាចនឹងសង្គ្រុបតែម្ដង។ 


វិធីសាស្ត្រមួយទៀត កម្លាំងសមត្ថកិច្ច បានប្រើការលួងលោមឱ្យជនសង្ស័យចូលខ្លួនសារភាព ជាមួយនឹងការលើកទឹកចិត្ត ដោយមិនចាប់កំហុស ឬផ្ដន្ទាទោសនោះឡើយ បើទោះជា ពេលកំពុងលាក់ខ្លួន មេខ្លោងរូបនេះ បានផ្ទុះអាវុធជាច្រើនគ្រាប់មកលើសមត្ថកិច្ចក៏ដោយ និងលួងលោមឲ្យជនសង្ស័យប្រគល់អាវុធជូនសមត្ថកិច្ច ដោយលើកទឹកចិត្តផ្ដល់រង្វាន់ ៥០០ដុល្លារ ថែមទៀត។ 


វិធីសាស្ត្រនេះ មានប្រសិទ្ធភាពគ្រាន់បើដែលដំណាក់កាលដំបូង សមត្ថកិច្ចបានលួងលោម រំដោះបានប្រពន្ធ និងកូនរបស់ជនសង្ស័យ ចេញពីទីតាំងលាក់ខ្លួន ដើម្បីបញ្ចៀសកុំឲ្យជនសង្ស័យយក ប្រពន្ធ-កូន ធ្វើជាចំណាប់ខ្មាំងគំរាមមកលើសមត្ថកិច្ច និងបានលួងលោមឲ្យប្រពន្ធជនសង្ស័យទូរសព្ទទៅកាន់ជនសង្ស័យបញ្ចុះបញ្ចូលឲ្យជនសង្ស័យចូលសារភាព ពោលគឺ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានរៀបចំផែនការនេះ ដោយកំណត់ថា ធ្វើយ៉ាងណាឃាត់ខ្លួនមេខ្លោងគ្រឿងញៀនឲ្យបានជោគជ័យ និងមិនឲ្យនរណាម្នាក់រងរបួស ឬគ្រោះថ្នាក់ឡើយ។ 


ដោយឡែក ល្បែងមរណៈរបស់ជនល្មើសគ្រឿងញៀនវិញ បានប៉ះនឹងអន្ទាក់មច្ចុរាជរបស់សមត្ថកិច្ច ពិតជាមិនធម្មតាមែន ដោយជនសង្ស័យបានដុតផ្ទះដែលគេលាក់ខ្លួន ដើម្បីជាការបំភ័ន្តសមត្ថកិច្ច ខណៈដែលកម្លាំងសមត្ថកិច្ចមួយចំនួន បានទៅបង្កប់ខ្លួនក្នុងផ្ទះឪពុក-ម្ដាយ របស់ជនសង្ស័យរួចហើយ។ លុះពេលជនសង្ស័យបានរត់ចេញពីផ្ទះដែលឆេះ ទៅសំងំលាក់ខ្លួនក្នុងផ្ទះឪពុក-ម្ដាយរបស់គេនោះ ក៏ត្រូវសមត្ថកិច្ចសង្គ្រប់ជាប់តែម្ដង គឺឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង២ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈការប្រើវិធីសាស្ត្រលួងលោម និងអន្ទាក់របស់សមត្ថកិច្ច។


ជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលទាំងអធ្រាត ដើម្បីធ្វើកំណត់ហេតុ ស្ដាប់ចម្លើយ និងបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវរកក្រុមជនសង្ស័យដែលបានពាក់ព័ន្ធក្នុងបទល្មើសគ្រឿងញៀននេះជាបន្តទៀត៕






 

No comments:

Post a Comment

Pages