ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃអង្គារទី០២ ខែកុម្ភ: ឆ្នាំ២០២១ ឯកឧត្តម ស៊ឹង គង់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវលេខ ១៤៦B និងផ្លូវលេខ១៤៨ ចាប់ពីរង្វង់មូលសម្តេចសង្ឃរាជទេពវង្ស ដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការចូលរួមពី អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ និងក្រុមហ៊ុនស្ថាបនាផ្លូវ។ 


តាមរបាយការណ៍របស់ក្រុមហ៊ុនបញ្ជាក់ថា តាមគម្រោងស្ថាបនាផ្លូវលេខ ១៤៦B និងផ្លូវលេខ១៤៨ ចេញពីអក្សផ្លូវ ២០ម៉ែត្រ ដោយសារតែការដ្ឋានមួយចំនួន មានផលប៉ះពាល់ នៅទីប្រជុំជនយើងយកពីអក្សផ្លូវពី ៧,៥០ម៉ែត្រ ១១ម៉ែត្រ និង ១៥ម៉ែត្រ ដើម្បីដោះស្រាយផលប៉ះពាល់នៃការស្ថាបនាផ្លូវលេខ១៤៦B និងផ្លូវលេខ១៤៨ ។ហើយដំណើរការស្ថាបនាផ្លូវកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ និងត្រូវបញ្ចប់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ មកដល់ពេលនេះការស្ថាបនាផ្លូវលេខ១៤៦B និងលេខ១៤៨ សម្រេចបាន ១០ភាគរយ។

  

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យក្រុមហ៊ុនស្ថាបនាផ្លូវត្រូវចុះបាញ់ថ្នាំតាមនិយាមការ បញ្ចៀសផលប៉ះពាល់ដីកម្មសិទ្ធរបស់ប្រជាពលរដ្ឋ ដោយត្រូវពង្រឹងការស្ថាបនាផ្លូវឱ្យបានលឿនស្របតាមស្តង់ដាបច្ចេកទេស ដោយស្មារតីទទួលខុសត្រូវ៕