គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ជាមួយកម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជា - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, February 22, 2021

គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ជាមួយកម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជា

នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រោមអធិបតីភាព ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួង មហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីផ្តល់ជាសក្ខីភាព បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនសម្រាប់គម្រោងសន្តិសុខស្បៀង និងការងារគាំទ្រ ការស្តារឡើងវិញរបស់សហគមន៍មូលដ្ឋានដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ រវាងឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Claire CONAN ជាតំណាង និងជានាយកប្រចាំប្រទេស នៃកម្មវិធីស្បៀង អាហារពិភពលោក ហើយក៏មានការចូលរួមពី តំណាងស្ថានទូតជប៉ុនប្រចាំព្រះរាជារាជាណាចក្រកម្ពុជា តំណាងកម្មវិធីស្បៀងអាហារពិភពលោក ថ្នាក់ដឹកនាំ និងមន្ត្រីនៃលេខាធិការដ្ឋាន គ.ជ.អ.ប ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូបផងដែរ។


ក្នុងឱកាសនោះ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានរងឥទ្ធិពលពីគ្រោះទឹកជំនន់កាលពីខែតុលាឆ្នាំ២០២០កន្លងទៅ និងបានធ្វើឲ្យប៉ះពាល់ជាច្រើនគ្រួសារនៅខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដែលក្នុងនោះបានប៉ះពាល់យ៉ាងខ្លាំងដល់ ផ្ទះ ហេដ្ឋារចនាសម្ព័ន្ធ និងដីកសិកម្មរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម បានបញ្ជាក់បន្តថា តាមរយៈគម្រោងនេះ កម្មវិធីស្បៀងអាហារពិភពលោកនេះនឹងសហការយ៉ាងជិតស្និទ្ធជាមួយ គ.ជ.អ.ប និងដៃគូនានា ដើម្បីធ្វើការវាយតម្លៃគ្រប់ជ្រុងជ្រោយ ទៅលើសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់ និងគាំទ្រដល់ការស្តារសហគមន៍ឡើងវិញ តាមរយៈការស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត និងការពង្រឹងសមត្ថភាពធ្វើផែនការ និងចំណេះដឹងមូលដ្ឋានស្តីពីសន្តិសុខស្បៀង ការត្រៀមបង្ការ និងការកាត់បន្ថយគ្រោះមហន្តរាយ ដែលគម្រោងនេះ បានកំណត់គោលដៅនៅក្នុងឃុំចំនួន១៦ នៅក្នុងខេត្តបាត់ដំបង ពោធី៍សាត់ កំពង់ឆ្នាំង និងកំពង់ធំ។


ឯកឧត្តម Mikami Masahiro ឯកអគ្គរដ្ឋជប៉ុនប្រចាំកម្ពុជា មានប្រសាសន៍ថា «កាលពីឆ្នាំមុន ប្រទេសកម្ពុជាបានទទួលរងនូវភ្លៀងធ្លាក់យ៉ាងខ្លាំងជាបន្តបន្ទាប់ ដែលប៉ះពាល់ដល់ប្រជាជនមួយចំនួនធំ ដូចជា បង្កឲ្យមានការបាត់បង់ជីវិត និងការខូចខាតផ្នែករូបវ័ន្តទៅលើទ្រព្យសម្បត្តិជាច្រើន។ ក្នុងនេះផងដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏ផ្តល់ក្តីសង្ឃឹមដោយស្មោះថា គម្រោងនេះនឹងកាត់បន្ថយផលប៉ះពាល់ទៅលើសន្តិសុខស្បៀងរបស់ក្រុមគ្រួសារ និងសហគមន៍ដែលរងគ្រោះដោយទឹកជំនន់»។ 


ឆ្លៀតឱកាសនោះដែរ លោកស្រី Claire CONAN បានលើកឡើងថា «យើងខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានគាំទ្រដល់កិច្ចការកាត់បន្ថយផលប៉ះពាល់ដោយសារទឹកជំនន់កាលពីឆ្នាំមុន។ ជំនួយនេះមានសារៈសំខាន់ណាស់សម្រាប់ក្រុមគ្រួសារងាយរងគ្រោះដែលរស់នៅក្នុងសហគមន៍ដែលងាយជន់លិចដោយទឹកជំនន់ និងបានប៉ះពាល់ទៅលើជីវភាព និងប្រព័ន្ធស្បៀងរបស់ពួកគាត់ ហើយជំនួយនេះនឹងជួយការពារពួកគាត់ពីវិបត្តិនាពេលអនាគត»។ លោកស្រីបន្ដថា ក្នុងអំឡុងពេលមួយទសវត្សកន្លងមកនេះ ប្រទេសកម្ពុជាបានរងផលប៉ះពាល់ដោយសារទឹកជំនន់យ៉ាងធ្ងន់ធ្ងរចំនួន៤លើក។ លើកចុងក្រោយបង្អស់នៅក្នុងខែតុលាឆ្នាំមុន ទឹកជំនន់បានបង្កឱ្យក្រុមគ្រួសារ ចំនួន១៤.២៩៩គ្រួសារ ផ្លាស់ប្ដូរទីលំនៅ និងប៉ះពាល់ដោយផ្ទាល់ទៅលើក្រុមគ្រួសារចំនួន១៧៦.០០០គ្រួសារ (ជិត ៨០០.០០០ នាក់) ក្នុងខេត្តចំនួន១៤។ លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងដីកសិកម្មរងការជន់លិច និងខូចខាតយ៉ាងដំណំផងដែរ។


សូមរំលឹកថា ចាប់តាំងពីឆ្នាំ១៩៩៨មក រដ្ឋាភិបាលជប៉ុន គឺជាដៃគូដ៏សំខាន់របស់កម្មវិធីស្បៀងអាហារពិភពលោក ដែលបានចូលរួមវិភាគទានចំនួន២២លានដុល្លារអាមេរិកក្នុងអំឡុងពេល១០ឆ្នាំកន្លងមកនេះតាមរយៈជំនួយជាសម្ភារៈ (អង្ករ និងត្រីកំប៉ុង) និងជំនួយជាទឹកប្រាក់ ក្នុងការគាំទ្រលើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ។ ដោយឡែក នៅឆ្នាំ២០១៩ ប្រទេសជប៉ុនបានចូលរួមវិភាគទានចំនួន២,៧លានដុល្លារអាមេរិកដល់កម្មវិធីស្បៀងអាហារពិភពលោក ដើម្បីលើកកម្ពស់កសាងភាពធនធានរបស់សហគមន៍នៅកម្ពុជាដើម្បីទប់ទល់នឹងវិបត្តិ និងកសាងសមត្ថភាពស្ថាប័នក្នុងការត្រៀមលក្ខណៈទប់ទល់នឹងគ្រោះអាសន្ន៕





 

No comments:

Post a Comment

Pages