ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯករ័ត្នស្រ៊ាងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ


បានដឹកនាំមេបញ្ជាការរងនាយរងសេនាធិការប្រធាន–អនុប្រធានមន្ទីរនាយការិយាល័យលោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថ១៣ខណ្ឌនិងសមាជិកអាវុធហត្ថជាច្រើនរូបទៀតអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ឯកសេងឈៀងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារដែលបានទទួលមរណៈភាព  ក្នុងជន្មាយុ៣៩ឆ្នាំ។


ថ្លែងក្នុងផេកផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ឯករ័ត្នស៊្រាងបានសរសេររៀបរាប់ថា៖“ខ្ញុំសូមសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំបំផុតនិងមានការសោកស្តាយយ៉ាងក្រៃលែងចំពោះការបាត់បង់នូវនាយអាវុធហត្ថដ៏សំខាន់មួយរូបគឺលោកវរសេនីយ៍ឯកសេងឈាងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារដែលបានទទួលអនិច្ចកម្មដោយគាំងបេះដូងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១។


ការបាត់បង់នេះគឺជាការបាត់បង់នូវនាយអាវុធហត្ថដ៏សកម្មមួយរូបដែលជាធនធានដ៏សំខាន់និងពោរពេញទៅដោយបទពិសោធន៍របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។


ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពនិងសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធនៃសពសូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ“។


លោកវរសេនីយ៍ឯកសេងឈៀងកាលនៅមានជីវិតគឺជាមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌដ៏ល្អមួយរូបនិងជាអ្នកបម្រើរាស្ត្រប្រកបដោយគុណធម៌សច្ចធម៌និងសេចក្តីស្មោះត្រង់បំពេញសេចក្ដីសុខនិងរួមចំណែកការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយភាពកក់ក្ដៅ។រីឯនៅក្នុងគ្រួសារលោកគឺជាកូនទី៥ក្នុងចំណោមបងប្អូនចំនួន០៧នាក់និងបានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយានៅថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១២ទទួលចំណងដៃបានកូនប្រុស០២នាក់។សម្តីចុងក្រោយរបស់លោកនិយាយទៅកាន់កូនប្រុសច្បងដោយរអាក់រអួលថាសូមកូនមើលថែម៉ាក់កូនផងប៉ាប្រហែលមិនបាននៅជាមួយកូនទៀតទេគ្រប់គ្នាលឺហើយក្តុកក្តួលទប់ទឹកភ្នែកមិនបាន។


តែមកដល់ម៉ោងនេះថ្ងៃនេះលោកវរសេនីយ៍ឯកសេងឈៀងបានលាចាកឆ្ងាយដោយគ្មានថ្ងៃវិលត្រឡប់ដោយសារតែអំណាចនៃសេចក្តីស្លាប់ដែលជាច្បាប់ធម្មជាតិជាមរតករបស់មនុស្សជាតិនិងសត្វលោកដោយមិនអាចមានអ្នកណាគេចផុតដូចពុទ្ធឱវាទបានសម្តែងថា( រូបំទុក្ខំអនិច្ចំអនត្ថា) កើតចាស់ឈឺស្លាប់ជារឿងធម្មតាបន្សល់ទុកនូវភរិយាជាស្ត្រីមេម៉ាយរួមជាមួយកូនកំព្រាឪពុក  រស់នៅក្នុងអន្លង់ទុក្ខដ៏សែនឈឺចាប់ព្រោះការបាត់បង់នេះ។


សពលោកវរសេនីយ៍ឯកសេងឈៀងត្រូវបានបូជាតាមគន្លងព្រះពុទ្ធសាសនានៅព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២១ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍តេងឈួនរដ្ឋលេខាធិការក្រសួងការពារជាតិលោកឧត្តមសេនីយ៍ឯករ័ត្នស្រ៊ាងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញឯកឧត្តមឃ្លាំងហួតជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងជាអភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារព្រមទាំងមានការចូលរួមពីសំណាក់លោកលោកស្រីសហការីរួមអាជីពបងប្អូនសាច់ញាតិមិត្តភក្តិយ៉ាងច្រើនកុះករ។


ស្ថិតក្នុងស្ថានភាពដ៏សោកសង្រេងនេះដែរទាំងគណៈអធិបតីទាំងភ្ញៀវកិត្តិយសសាច់ញាតិមិត្តភក្តិទាំងអស់បានសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំព្រមជាមួយអារម្មណ៍សោកស្តាយអាឡោះអាល័យខ្សឹកខ្សួលក្តុកក្តួលគ្រប់ៗគ្នាសូមវិញ្ញាណក្ខន្ធលោកវរសេនីយ៍ឯកសេងឈាងបានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ៕