អភិបាលខេត្តកោះកុង អញ្ជើញទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយប្រតិភូអង្គការដៃគូដើម្បីការអភិវឌ្ឍជនបទ - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, February 9, 2021

អភិបាលខេត្តកោះកុង អញ្ជើញទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយប្រតិភូអង្គការដៃគូដើម្បីការអភិវឌ្ឍជនបទ

ខេត្តកោះកុង៖ ថ្ងៃចន្ទទី៨ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានទទួលស្វាគមន៍ ប្រតិភូអង្គការដៃគូដើម្បីការអភិវឌ្ឍជនបទ (PFD) និងពិភាក្សាការងារទាក់ទងនឹងគម្រោងអភិវឌ្ឍសហគមន៍ ដោយផ្តោតទៅលើវិស័យចំនួន ៥ ក្នុងមូលដ្ឋាន គឺ ការលើកកម្ពស់ការអប់រំ បង្កើនផលិតភាពកសិកម្ម ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ គាំពារបរិស្ថាន និងលើកកម្ពស់សុខភាពមាតា និងទារក។ 


ក្នុងជំនួបនោះផងដែរ បន្ទាន់ពីប្រតិភូអង្គការ បានបញ្ចប់ការជម្រាបជូន អំពីទស្សនវិស័យ បេសកកម្ម គោលដៅ និងគម្រោងសកម្មភាពនានា ដែលគ្រោងនឹងប្រតិបត្តិក្នុងមូលដ្ឋានក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកកោះកុង ខាងមុខនេះ។ ជាសំណូមពរ ភាគីអង្គការ បានលើកចំនួន ០២គឺ (១)ស្នើសុំរដ្ឋបាលខេត្ត ណែនាំដល់រដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធបន្តកិច្ចសហការល្អ និង(២)ចែករំលែកព័ត៌មានទិន្នន័យបឋមតាមវិស័យមួយចំនួនតាមការស្នើសុំ។


ជាការឆ្លើយតប លោកជំទាវអភិបាលខេត្ត បានជម្រាបជូនថា ក្នុងចំណោមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកទាំង ៥ ៧៣៤(សមាគម ៣ ៣៦៧ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ២ ៣៦៧) ដែលបានចុះបញ្ជីត្រឹមត្រូវស្របច្បាប់នៅទីស្តីការក្រសួងមហាផ្ទៃ គឺត្រូវបានគាំពារពេញលេញក្នុងការប្រតិបត្តិសកម្មភាពដោយសេរីក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ ក្នុងខេត្តកោះកុង មានសមាគមចំនួន ១០ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ២៦(តួលេខកំពុងធ្វើបច្ចុប្បន្នភាព) បាននឹងកំពុងប្រតិបត្តិសកម្មភាពរបស់ខ្លួន ហើយជារួម គឺមានដំណើរប្រព្រឹត្តយ៉ាងរលូន និងមានកិច្ចសហការល្អ ពីរដ្ឋបាលគ្រប់ជាន់ថ្នាក់ និងអ្នកពាក់ព័ន្ធ។ 


ដោយឡែក ទន្ទឹមនឹងដំណើរប្រព្រឹត្តនេះ ក៏នៅមានចំណុចខ្វះខាតមួយចំនួន ជាបញ្ហាប្រឈម ដែលកើតចេញការមិនស៊ីសង្វាក់ក្នុងការអនុវត្តផងដែរ។ ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត បានលើកបន្ថែមថា ដើម្បីជាយន្តការចែករំលែកព័ត៌មាន ចំណេះដឹង និងកិច្ចសហការល្អ, គម្រោងសកម្មភាពនានាដែលគ្រោងនឹងអនុវត្ត គួរដាក់ស្នើពិភាក្សាជាមុនសិន ឬអញ្ជើញសមាសភាពអាជ្ញាធរ និងអ្នកពាក់ព័ន្ធចូលរួម។ ចំពោះសំណូមពររបស់ប្រតិភូអង្គការដែលបានលើកឡើង រដ្ឋបាលខេត្ត នឹងទទួលយកមកពិនិត្យ និងសម្របសម្រួលតាមសមត្ថភាព និងលទ្ធភាព៕





 

No comments:

Post a Comment

Pages