ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ ចំណុះទីស្តីការក្រសួងមហាផ្ទៃ បន្ដចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្ត នៅមន្ទីរពេទ្យ ១៦ ឧសភា - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, March 9, 2021

ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ ចំណុះទីស្តីការក្រសួងមហាផ្ទៃ បន្ដចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្ត នៅមន្ទីរពេទ្យ ១៦ ឧសភា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ ចំណុះទីស្ដីការក្រសួងមហាផ្ទៃ បានបន្ដចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្តនៅមន្ទីរពេទ្យ ១៦ ឧសភា ដែលមានទីតាំងស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


សម្រាប់សកម្មភាពក្នុងការចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ គឺរួមមានថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃនាយកដ្ឋានព័ត៌មានវិទ្យា, នាយកដ្ឋានគរបាលចរាចរណ៍, នាយកដ្ឋានពន្លត់អគ្គីភ័យ និងសង្គ្រោះ, នាយកដ្ឋាននគរបាលការពារ និងនាយដ្ឋានភស្ដុភារ និងសម្ភារបច្ចេកទេស។


ដើម្បីឲ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ដ្រីនគរបាលជាតិ មន្រ្តីរាជការស៊ីវិល ដែលបម្រើការងារនៅទីស្ដីក្រសួងមហាផ្ទៃ ប្រព្រឹត្តទៅបានរលូនប្រកបដោយប្រសិទ្ធភាព និងមានសណ្ដាប់ធ្នាប់ល្អ ធានាបាននូវវិធានការដែលកំណត់ដោយក្រសួងសុខាភិបាលនោះ ក្រសួងមហាផ្ទៃបានណែនាំដល់ថ្នាក់ដឹកនាំ មន្ដ្រីនគរបាលជាតិ មន្រ្តីរាជការស៊ីវិលគ្រប់ជាន់ថ្នាក់ឲ្យចូលរួម និងចាក់ចែងមន្ដ្រីក្រោមឱវាទ ដែលចំណុះទីស្ដីការក្រសួងមហាផ្ទៃ ឲ្យចូលរួមចាក់វ៉ាក់សាំង ផ្អែកតាមគោលការណ៍ស្ម័គ្រចិត្តនៅមន្ទីរពេទ្យ ១៦ ឧសភា ចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ខាងមុខ។


សូមបញ្ជាក់ដែរថា តាមរយៈការរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ ១៦ ឧសភា តាមគោលការណ៍ស្មគ្រ័ចិត្តនេះ គិតចាប់ពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ពោលគឺមានរយៈពេល០៥ថ្ងៃកន្លងមកនេះ គឺមានថ្នាក់ដឹកនាំ មន្ដ្រីនគរបាលជាតិ មន្រ្តីរាជការស៊ីវិល បានចូលរួមយ៉ាងច្រើនផុលផុស ហើយនិងបានអនុវត្តគោរពតាមវិធានការការពាររបស់ក្រសួងសុខាភិបាលដោយរក្សាគម្លាត ព្រមទាំងមានកន្លែងបាញ់អាកល់ និងវ៉ាស់កម្ដៅ ផងដែរ។


គួរជម្រាបជូនផងដែរថា សម្រាប់អ្នកដែលបានចូលរួមចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ លើកទី១ រួចហើយនោះ គឺត្រូវថែរក្សាសុខភាពតាមការណែនាំរបស់គ្រូពេទ្យ និងត្រូវត្រឡប់មកចាក់វ៉ាក់សាំងជាលើកទី២វិញ ឲ្យបានទាន់ពេលវេលាដែលបានកំណត់។ ជាពិសេស ត្រូវចងចាំថា វ៉ាក់សាំង គឺមិនមានប្រសិទ្ធភាព ១០០% នោះទេ តែវាអាចកាត់បន្ថយឱកាស នៃការឆ្លងជំងឺកូវីដ-១៩ ឱ្យនៅតិចបំផុត ដូច្នេះត្រូវតែរក្សាសុខភាព និងប្រុងប្រយ័ត្នបន្ថែមទៀត ហើយត្រូវតែបន្តអនុវត្តតាមគោលការណ៍ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។


ជាងនេះទៅទៀត ប្រការត្រូវចង់ចាំក្រោយពេលចាក់វ៉ាក់សាំង រួមមាន ៖ ទី១-ក្រោយពេលចាក់វ៉ាក់សាំងរួច ត្រូវបន្ដ តាមដានឲ្យដិតដល់ក្នុងរយៈពេល៧២ម៉ោងចៀសវាងសកម្មភាពប្រើកម្លាំងធ្ងន់ធ្ងរធ្វើការគេងសម្រាក់ឲ្យបានគ្រប់គ្រាន់, ទី២-ក្រោយពេលចាក់វ៉ាក់សាំងរួចត្រូវបន្ថែមថាមពល ប្រូតេអ៊ីន វិតាមីន និងអាហារជីវជាតិ។ ក្នុងរយៈពេលមួយសប្ដាហ៍ចៀសវាងបរិភោគអាហារមានជាតិហឺល មិនត្រូវពិសារជាតិស្រវឹង ជាពិសេស អ្នកដែលមានប្រតិកម្មនឹងជាតិអាល់កុល ដែលអាការៈប្រតិកម្មជាតិអាល់កុលអាចនាំឲ្យមានប្រតិកម្មកាន់តែខ្លាំងក្រោយពេលចាក់វ៉ាក់សាំង ឬធ្វើឲ្យវ៉ាក់សាំងបាត់បង់ប្រសិទ្ធភាព និងទី៣-ក្រោយពេលចាក់វ៉ាក់សាំង ត្រូវយកចិត្តទុកដាក់បង្ការជំងឺផ្ដាសាយត្រូវបរិភោគទឹកឲ្យបានច្រើនក្នុងរយៈពេល១២ម៉ោង ពេលងូតទឹកត្រូវយកបង់បិទដំបៅ ឬបង់ស្អិតបិទការពារកន្លែងចាក់វ៉ាក់សាំង និងក្រោយ ១២ម៉ោងពេលងូតទឹកមិនត្រូវប៉ះពាល់កន្លែងចាក់វ៉ាក់សាំង។


យោងតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ គឺតម្រូវអោយអគ្គនាយកដ្ឋាន និងអង្គភាព ចំនួន១៨ចំណុះទីស្តីការក្រសួងមហាផ្ទៃ ចូលរួមចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្ត នៅមន្ទីរពេទ្យ ១៦ ឧសភា ដែលក្នុងនោះរួមមាន ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយកដ្ឋានសុខាភិបាល, អគ្គលេខាធិការដ្ឋាន, អគ្គស្នងការដ្ឋាន នគរបាលជាតិ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានរដ្ឋបាល, អគ្គារធិ ការដ្ឋាន, អគ្គនាយកដ្ឋានពន្ធនាគារ, អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, ក្រុមប្រឹក្សានីតិ កម្ម, អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ, អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ គ.ប.ផ.ក, អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គ.ជ.ប.គ.ញ, នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម គ.ជ.ប.ទ, អង្គភាពកីឡា និងបណ្ឌិត្យសភានគរបាលកម្ពុជា៕








 

No comments:

Post a Comment

Pages