ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទី ផែនការងារនគរបាលព្រហ្មទណ្ឌ បានទទួលជនសង្ស័យចំនួន២នាក់ ពីកម្លាំងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ក្នុងករណីលាក់ទុកនិងប្រើប្រាស់អាវុធខុសច្បាប់។


ដែលជនសង្ស័យទី១ ឈ្មោះ មិត្ត មន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលទាហ៊ាន ឃុំឈើតុំ ស្រុកក្រគរខេត្តពោធិ៍សាត់ មុខរបរមិនពិតប្រាកដ និងទី២ឈ្មោះ ហេង ឆាង ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។


ជនសង្ស័យទាំង២ កំពុងធ្វើការសាកសួរចម្លើយដើម្បីរៀបចំសំណុំរឿងចាត់ការតាមផ្លូវច្បាប់។


ជនសង្ស័យ ហេង ឆាង បានឆ្លើយសារភាពថា រើសបានកាំភ្លើងAKស្វាយបត់១ដើម នៅក្នុងរូងឈើ រយ:ពេល១អាទិត្យមកហើយ ក្នុងនោះបាញ់សត្វបាន១គ្រាប់ នៅសល់៣២គ្រាប់។ ចំណែកជនសង្ស័យឈ្មោះ មិត្ត មន ធ្វើការនៅចំណុចតំបន់កំពង់ក្រូច ឃុំឈើតុំ ស្រុកក្រគរ បញ្ជាក់ថា កាំភ្លើងអឹម១៦នេះ ខ្លួនឃើញនៅព្រៃត្រែងច្រាំងស្ទឹង ហើយក៏យកទៅលាក់ទុកសម្រាប់បាញ់សត្វ រើសបានជាង១០ថ្ងៃមកហើយ៕