(រដ្ឋបាលខេត្តកំពង់ធំ)៖ ស្របពេលដែលប្រទេសកម្ពុជាទទួលរងគ្រោះនូវព្រឹត្តិការណ៍ ២០ កុម្ភៈ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ហើយក៏ជារដូវកាលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងរយៈពេល ៣ថ្ងៃនេះ ចាប់ពីថ្ងៃទី ១១.១២.១៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈ បង្ការជំងឺកូវីដ-១៩ ប្រគេនព្រះសង្ឃ ចំនួន ៤១វត្ត មានព្រះសង្ឃសរុបចំនួន ៥៤៥អង្គ ទូទាំង ៩ក្រុងស្រុក ក្នុងនោះរួមមាន ស្រុកតាំងគោក មានចំនួន ៥វត្ត មានព្រះសង្ឃចំនួន  ១០៣អង្គ ស្រុកបារាយណ៍ មានចំនួន ៤វត្ត មានព្រះសង្ឃចំនួន ៨៥អង្គ ស្រុកសន្ទុក មានចំនួន ៦ វត្ត មានព្រះសង្ឃចំនួន ៩៣អង្គ ក្រុងស្ទឹងសែន មានចំនួន៣វត្ត មានព្រះសង្ឃចំនួន ៦២អង្គ ស្រុកប្រាសាទបល័ង្ក មានចំនួន ៣វត្ត មានព្រះសង្ឃចំនួន ៣៦អង្គ ស្រុកស្ទោង មានចំនួន ៤វត្ត មានព្រះសង្ឃចំនួន ៦១អង្គ ស្រុកសណ្តាន់ មានចំនួន ២វត្ត មានព្រះសង្ឃចំនួន ៣៤អង្គ និងស្រុកប្រាសាទសំបូរចំនួន ៥វត្ត មានព្រះសង្ឃចំនួន ៧១អង្គ ដែលខ្វះខាត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការចូលរួមចំណែកដោះស្រាយនូវចង្ហាន់ដល់ព្រះសង្ឃ ផងដែរ។ 


ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ក៏បានធ្វើការផ្សព្វផ្សាយ អំពីវិធានការការពារ ពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ត្រូវអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល "បីការពារ បីកុំ និងពីរចូលរួម" ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នៅពេលខាងមុខនេះ ប្រសិនបើបងប្អូនពុទ្ធបរិស័ទដែលមានគោលបំណងយកចង្ហាន់មកប្រគេនព្រះសង្ឃ ឬធ្វើពិធីបង្សុកូល មិនត្រូវមានមនុស្សច្រើននោះទេ សូមកាត់បន្ថយអ្នកចូលរួម ត្រូវពាក់ម៉ាសការពារ រក្សាគម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១.៥ម៉ែត្រឡើងទៅ ត្រូវយកទឹកអាកល់ ឬជែល សម្រាប់លាងដៃ ជាប់ខ្លួនជានិច្ច ប្រសិនបើមិនចាំបាច់សូមកុំចេញក្រៅផ្ទះឲ្យសោះ ដើម្បីការពារអាយុជីវិតយើង ក្រុមគ្រួសារយើង ចៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ។


លើសពីនេះទៀតឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានខិតខំអំពាវនាវរកអំណោយមនុស្សធម៌ ដើម្បីបញ្ជាទិញវ៉ាក់សាំងចាក់ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋទូទាំងប្រទេស ដោយការស្ម័គ្រចិត្ត និងមិនមានការយកលុយនោះទេ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់សម្ដេចតេជោ ចំពោះសុខុមាលភាពរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនមានការរើសអើងនោះទេ។  


ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់មន្ត្រីរាជការ និងបងប្អូន រួមទាំងព្រះសង្ឃ ទាំងអស់ សូមនិមន្តនិងអញ្ជើញចូលរួមចាក់វ៉ាក់សាំងនេះឲ្យបានគ្រប់ៗគ្នា តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក តាមពេលវេលាកំណត់ ហើយការចាក់វ៉ាក់សាំងនេះ អាចការពារពុកម៉ែបងប្អូនមិនឱ្យមានការឆ្លងនូវជំងឺកូវីដ19។ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយ ត្រូវតែអនុវត្តតាមវិធាន សុខាភិបាល ឲ្យបានត្រឹមត្រូវ ទាំងមុនពេលចាក់ និងក្រោយពេលចាក់ដូសទី១ រហូតដល់ថ្ងៃចាក់ដូសទី២ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ រហូតដល់ថ្ងៃកំណត់ ដែលគ្រូពេទ្យបានណែនាំនោះ ទើបវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់។


គួររំលឹកផងដែរថា សម្ភារៈដែលប្រគេនជូននេះ រួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកសុទ្ធ ម៉ាស និងបច្ច័យមួយចំនួនផងដែរ។  


សូមបញ្ជាក់ផងដែរថា នៅតាមទីវត្តអារាម គឺមិនមានបងប្អូនពុទ្ធបរិស័ទប្រមូលផ្ដុំគ្នាច្រើននោះទេ អង្គុយដាច់ដោយឡែក និងរក្សាគម្លាតសុវត្ថិភាព ហើយពួកគាត់មានការយល់ដឹងច្រើនអំពីវិធានការនៃការការពារ របស់រាជរដ្ឋាភិបាល៕