សម្តេចក្រឡាហោម ស ខេង អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ពីទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, April 6, 2021

សម្តេចក្រឡាហោម ស ខេង អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ពីទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន

នារសៀលថ្ងៃចន្ទទី៥ ខែមេសា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងនិវត្តន៍ត្រឡប់មកកាន់មាតុភូមិប្រទេស បន្ទាប់ពីព្រះអង្គទាំងទ្វេយាងពិនិត្យព្រះរាជសុខភាព អស់រយៈពេលជាង១ខែ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។


ក្នុងព្រះរាជដំណើរយាងនិវត្តន៍របស់ ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរនេះផងដែរ ក៏មានការអញ្ជើញចូលរួមថ្វាយទទួលព្រះរាជដំណើរដោយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំង មន្ដ្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាច្រើនរូបទៀតផងដែរ។


សូមរំលឹកផងដែរថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គបានយាងទៅកាន់រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១កន្លងទៅ។ 


ក្នុងព្រះរាជឱកាសគង់ប្រថាប់នៅសាធារណរដ្ឋប្រជាមានិតចិននោះ ព្រះអង្គទ្រង់ក៏បានសព្វព្រះរាជហឫទ័យ យាងទៅបំពេញទស្សនកិច្ចនៅទីក្រុងសៀងហៃផងដែរ។ ក្នុងព្រះរាជដំណើរបំពេញទស្សនកិច្ចនោះ ថ្នាក់ដឹកនាំក្រុងសៀងហៃ ក៏បានរៀបចំព្រះរាជពិធីទទួលព្រះរាជដំណើរព្រះអង្គយ៉ាងអធឹកអធម ដោយមានរំលេចនូវទង់ជាតិរបស់ប្រទេសកម្ពុជានៅលើអគារខ្ពស់ៗក្នុងក្រុងសៀងហៃថែមទៀត។ ជាមួយគ្នានេះដែរ ព្រះអង្គក៏បានបន្តយាងទៅបំពេញទស្សនកិច្ចនូវទីតាំងបង្កើតបក្សកុម្មុយនិស្តចិន និងបានយាងទស្សនកិច្ច និងស្ងោយព្រះក្រយានៅភោជនីយដ្ឋាន លី ព័រឡាង (Lu Po Liang) ដែលព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ទ្រង់ធ្លាប់បានយាងទៅកាន់ទីនោះកាលពីឆ្នាំ១៩៧៣ផងដែរ៕








 

No comments:

Post a Comment

Pages