មណ្ឌលគិរី ៖ ដើម្បីចូលរួមរំលែកមរណៈទុក្ខ កាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមទាំងលោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានចូលរួមរំលែកមរណទុក្ខ និងនាំយកថវិកាបេឡាមរណសង្រ្គោះ របស់សមាគមអតីតយុទ្ធជនខេត្ត ផ្តល់ជូនក្រុមគ្រួសារសពលោក រស់ សាវ៉ាត ជាសមាជិកអតីតយុទ្ធជនកម្ពុជាខេត្ត ដែលបានទទួលមរណ:ភាព កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងមន្រ្តីក្រោមឱវាទ បានសម្តែងនូវទឹកមុខដ៏ក្រៀមក្រំ និងសូមចូលរួមរំលែកទុក្ខ ជាមួយគ្រួសារនៃសពចំពោះការបាត់បង់ឪពុក និងសាច់ញាតិជាទីស្រឡាញ់ ហើយលោក រស់ សាវ៉ាត កន្លងមកគាត់ជាអតីតយុទ្ធជនកម្ពុជាខេត្ត និងបានលះបង់កម្លាំងកាយចិត្តដ៏មោះមុតបំផុត បូជាចំពោះសង្គមជាតិ និងបានរួមចំណែកជួយកសាងសមិទ្ធផលនានាក្នុងខេត្ត និងសង្គមជាតិផងដែរ។ ឯកឧត្តម អភិបាលខេត្ត ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោក រស់ សាវ៉ាត សូមបានចាប់កំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡេីយ។
នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ក៏បាននាំយកថវិកាសមាគមអតីតយុទ្ធជនចំនួន ៤លានរៀល អង្ករ ២៥គីឡូក្រាម និងសម្ភារមួយចំនួន ផ្តល់ជូនដល់ក្រុមគ្រួសារសពលោក រស់ សាវ៉ាត ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
No comments:
Post a Comment