អាជ្ញាធរខេត្តកំពង់ចាម បើកកិច្ចប្រជុំគណៈកម្មការស្រុកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងនាំយកសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ស្ដីពីការដាក់ដំណើរការឡើងវិញបន្ទប់ពិគ្រោះព្យាបាលមួយកន្លែង ស្ថិតនៅស្រុកបាធាយ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, May 19, 2021

អាជ្ញាធរខេត្តកំពង់ចាម បើកកិច្ចប្រជុំគណៈកម្មការស្រុកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងនាំយកសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ស្ដីពីការដាក់ដំណើរការឡើងវិញបន្ទប់ពិគ្រោះព្យាបាលមួយកន្លែង ស្ថិតនៅស្រុកបាធាយ

នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនឹងមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដឹកនាំប្រជុំគណៈកម្មការស្រុកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងនាំយកសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ស្ដីពីការដាក់ដំណើរការឡើងវិញបន្ទប់ពិគ្រោះព្យាបាលជំងឺ ជេត សំអាត ស្ថិតនៅភូមិភ្នំដិល ឃុំតាំងក្រសាំង ស្រុកបាធាយ បន្ទាប់ពីបានផ្អាករយៈពេល១៤ថ្ងៃក្រោយពីរកឃើញពាក់ពាក់នឹងករណីវិជ្ជមានកូវីដ-១៩។


ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត បានលើកឡើងថា ដើម្បីទប់ស្កាត់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ អាជ្ញាធរឃុំ ត្រូវបន្តតាមដាន ការចេញ-ចូលរបស់បងប្អូនប្រជាពលរដ្ឋពីតំបន់ណាទៅតំបន់មួយអោយបានច្បាស់លាស់ ចំពោះអាជ្ញាធរមានសមត្ថកិច្ច ត្រូវរឹតបន្តឹងចំពោះអ្នកណាដែលមិនអនុវត្តទៅតាមការនែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្តកំពង់ចាម ដោយឡែកមន្រ្តីសុខាភិបាល ត្រូវបន្តយកសំណាក់ពីអ្នកធ្វើចត្តាឡីស័ក និងតាមដានពីស្ថានភាពរបស់ពួកគាត់។ ឯកឧត្តមបានបន្តទៀតថា បញ្ហាកូវីដ-១៩ នេះ បានឆ្លងរីករាលដាលជាសាកល និងបានសំលាប់មនុស្សរាប់សិបម៉ឺននាក់ក្នុងពិភពលោក ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ «៣កុំ ៣ការពារ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ។ 

ឯកឧត្តម បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយក្រុមគ្រូពេទ្យ បន្តតាមដានស្រាវជ្រាវ អ្នកដែលបានប្រាស្រ័យទាក់ទង និងប៉ះពាល់ដោយផ្ទាល់ ដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ដើម្បីនាំយកមកធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុក ដើម្បីតាមដានសុខភាព និងដើម្បីកាត់ផ្តាច់ខ្សែចម្លងពីសហគមន៍មួយទៅសហគមន៍មួយផ្សេងទៀត។


គួរបញ្ចាក់ថា៖ រដ្ឋបាលខេត្ត បាននាំចេញសេចក្តីសម្រេច ស្ដីពីការដាក់ដំណើរការឡើងវិញបន្ទប់ពិគ្រោះព្យាបាលជំងឺ ជេត សំអាត ស្ថិតនៅភូមិភ្នំដិល ឃុំតាំងក្រសាំង ស្រុកបាធាយ បន្ទាប់ពីបានផ្អាករយៈពេល១៤ថ្ងៃ ក្រោយពីរកឃើញពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដ-១៩៕





 

No comments:

Post a Comment

Pages