នៅរសៀលថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្តតំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបើកកិច្ចប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន រួមនឹងអ្នកពាក់ព័ន្ធ ស្តីពីការអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ស្តីពីការផ្អាកសកម្មភាពផលិតកម្មរបស់ក្រុមហ៊ុន លី ឈាងខប និងការបិទខ្ទប់ភូមិអកទៀត ស្ថិតនៅឃុំតាំងក្រាំង ស្រុកបាធាយ ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ។ បន្ទាប់មក ឯកឧត្តម រួមនឹងក្រុមការងារ បានអញ្ជើញចុះពិនិត្យភូមិសាស្រ្តបិទនៅភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ និងរោងចក្រកាត់ដេរសំលៀកបំពាក់ លី ឈាងខប ដោយមូលហេតុ មានកម្មករ កម្មការីនី មានវិជ្ជមានជំងឺកូវីដ-១៩។


ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត បានណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ឱ្យបន្តគ្រប់គ្រងអ្នកប៉ះពាល់នឹងករណីវិជ្ជមានកូវីដ-១៩ដែលទើបនឹងរកឃើញ ដោយអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ត្រូវដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុក និងអ្នកប៉ះពាល់ដោយប្រយោល ត្រូវដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។ ជាមួយគ្នានេះ ត្រូវបន្តពង្រឹង និងគ្រប់គ្រងភូមិសាស្ត្រដែលរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ សំដៅធ្វើយ៉ាងណាទប់ស្កាត់ការចេញ-ចូល សម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិ ដើម្បីទប់ស្កាត់ការចម្លងទៅកាន់សហគមន៍ផ្សេងទៀត។


ក្នុងឱកាសនោះឯកឧត្តមអភិបាលរងខេត្ត បាននាំយកអំណោយរបស់រដ្ឋបាលខេត្ត ជូនដល់គណៈបញ្ជាការឯកភាពស្រុក ប្រចាំការនៅគោលដៅបិទខ្ទប់ក្នុងភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ និងគោលដៅរោងចក្រ លី ឈាងខប នៅភូមិបាធាយ ស្រុកបាធាយ ដោយក្នុងនោះគោលដៅបិទភូមិអកទៀង ទទួលបាន អង្ករ ១០០គីឡូ មី០៥កេស ទឹក៥កេស អាល់កុល៣០លីត្រ ម៉ាស៥០០ និងថវិកា១លានរៀល។ ដោយឡែក គោលដៅរោងចក្រ លី ឈាងខប អង្ករ៥០គីឡូ មី៣កេស ទឹក០៣កេស អាល់កុល១០លីត្រ និងថវិកា៥០០.០០០រៀល៕