​តបតាមការអញ្ជើញរបស់ឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ       សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ដែលនឹងប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ នៅទីក្រុង សេអ៊ូល សាធារណរដ្ឋកូរ៉េ។

 យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ក្រោមមូលបទ «ការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្ន ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន» សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថា​លើប្រធានបទ «ការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវីដ-១៩»​ នៅក្នុងសម័យប្រជុំកិច្ចសន្ទនារបស់ថ្នាក់ដឹកនាំ ដោយផ្តោតទៅលើទិដ្ឋភាពសំខាន់ៗមួយចំនួន រួមមាន ១)ភាពចាំបាច់ក្នុងការកែសម្រួលគោលនយោបាយនិងធនធាន ដើម្បីអាចជម្នះដោយជោគជ័យលើជំងឺរាតត្បាតកូវីដ-១៩ ២)ផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុទៅលើសន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និង ៣)សារៈ-សំខាន់នៃការស្តារបៃតងឡើងវិញសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ សម្តេចតេជោ ក៏នឹងចែករំលែកអនុសាសន៍ប្រកបដោយអត្ថន័យទូលំទូលាយ និងប្រាកដ ដល់កិច្ចប្រជុំកំពូលផងដែរ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។

 គួរកត់សម្គាល់ថា P4G ជាគំនិតផ្តួចផ្តើមសកលដែលត្រូវបានដាក់ដំណើរនៅឆ្នាំ២០១៧។ គំនិតផ្តួចផ្តើមនេះ គឺជាវេទិកាពហុភាគីសម្រាប់រដ្ឋាភិបាល វិស័យធុរកិច្ច និងអង្គការសង្គមស៊ីវិលធ្វើការរួមគ្នាដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងសម្រេចបានគោលដៅអភិវឌ្ឍប្រកប ដោយចីរភាព តាមរយៈការផ្តល់នូវដំណោះស្រាយប្រកបដោយនវានុវត្តន៍។ កិច្ចប្រជុំកំពូល P4G លើកទី២ នៅទីក្រុងសេអ៊ូល នឹងផ្តល់ឱកាសដល់សហគមន៍អន្តរជាតិអាចបង្ហាញការប្តេជ្ញាចិត្តរួមគ្នា ក្នុងការកសាងពិភពលោកដែលល្អប្រសើរ និងកាន់តែបៃតងឡើង ក្រោយវិបត្តិកូវីដ-១៩៕