តាកែវ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តតាកែវ រួមដំណើរដោយ លោកជំទាវ នូ សុវណ្ណនី អនុប្រធានអចិន្ត្រៃយ៍គណៈ កម្មាធិការសាខា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មធិការសាខា លោកនាយក ប្រតិបត្តិសាខា មន្ត្រីប្រតិបត្តិសាខា និងមន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកត្រាំកក់ ខេត្តតាកែវ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកជូនបងប្អូនប្រជាពលរដ្ឋចំនួន ១៥៣ គ្រួសារ ក្នុងនោះរលំទាំងស្រុង ១៨ ខ្នង មធ្យម ២៣ ខ្នង និងស្រាល ១១២ ខ្នង ដែលបានរងគ្រោះដោយ ខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២១ ក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។


សូមបញ្ជាក់ផងដែរថាកាលពីរសៀលថ្ងៃទី២៨ ខែមិថុនាឆ្នាំ ឆ្នាំ២០២១ មានភ្លៀង និងខ្យល់កន្ត្រាក់ បណ្ដាលឲ្យប៉ះពាល់ប្រជាពលរដ្ឋទូទាំងខេត្តតាកែវសរុប ៥១២ខ្នងផ្ទះ ក្នុងនោះមានរលំទាំងស្រុង ៧២ ខ្នង និងប៉ះពាល់ធ្ងន់ធ្ងរ ៤៨ខ្នង ប៉ះពាល់ស្រាល ៣៩២ខ្នង ដែលចែកចេញជាបីស្រុកគឺ នៅក្រុងដូនកែវ មាន ០៣ខ្នងផ្ទះ នៅស្រុកបាទីមាន ១៨ខ្នងផ្ទះ និងស្រុកត្រាំកក់ ៤៩១ខ្នងផ្ទះ។


ក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏ បានពាំនាំ មតិផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខដល់ ប្រជាពល រដ្ឋដែលងាយទទួលរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។


ឯកឧត្តមប្រធាន ក៏បានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩ នៅក្នុងព្រះ រាជាណាចក្រកម្ពុជាយើង ក៏ដូចជាលើពិភពលោក ព្រមទាំងសូមឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវ យកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួម អនុវត្តវិធានការការពារ និងរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធាន ៣ការពារ និង ៣កុំ របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ឱ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាពខ្ពស់៕