ស្វាយរៀង: រថយន្តកុងទីន័រ បើកបុករូបសំណាក នាគព័ន្ធជានិមិត្តសញ្ញា នៃខេត្តស្វាយរៀង ដែលមានឈ្មោះ គេសរសេរថា ខេត្តស្វាយរៀងសូមស្វាគមន៍ ត្រូវបានរថយន្ត បុកនៅម៉ោងប្រមាណជាង៨យប់ថ្ងៃទី១៦ខែសីហាឆ្នាំ២០២១។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តកុងតឺន័រពាក់ស្លាកលេខភ្នំពេញ 3C0630 លេខកន្ទុយរឺម៉កភ្នំពេញ 4A1592 បើកបរមកពីទិសខាងលិចមកទិសខាងកើត នៅលើដងផ្លូវជាតិលេខ ១លុះមកដល់ត្រង់ចំណុចខាងមុខមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង ស្ថិតក្នុងក្រុងស្វាយរៀង ក៏បានជ្រុលចង្កូតទៅបុករូបសំណាកនាគព័ន្ធ បណ្ដាលឲ្យខ្ទេចខ្ទីទាំងស្រុង។
សមត្ថកិច្ចបានបន្តថា ទោះបីជាយ៉ាងណាក៏ដោយគេមិនទាន់ ទទួលបាននូវព័ត៌មានលម្អិតនៅឡើយនោះទេ រហូតដល់ម៉ោង១១យប់ នេះសកម្មភាព ទាញឡានកុងតឺន័រដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនៅមិនទាន់រួចរាល់នៅឡើយ។
មានការលើកឡើងថា មូលហេតុនៃគ្រោះថ្នាក់ទំនងទី១មកពីទីកន្លែងនេះ មានសភាពងងឹត ទី២ បណ្ដាលមកពីអ្នកបើកបររថយន្តខាងលើមិនស្គាល់ភូមិសាស្ត្រច្បាស់ លាស់ ទី៣ សង្ស័យអ្នកបើករថយន្តធ្វេសប្រហែស ទី៤ សង្ស័យ អ្នកបើកបរ មានជាតិស្រវឹងក្នុងខ្លួន។
ចំណែកអ្នកបើកបររថយន្តបង្កខាងលើក្រោយពីបង្កហេតុរួចក៏បានដើរចោលរថយន្តដោយបន្សល់ទុករថយន្តបង្កហេតុនៅពីលើរូបសំណាកនាគព័ន្ធទុកឱ្យសមត្ថកិច្ចចាត់ចែង៕
No comments:
Post a Comment