ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចុះពិនិត្យការរៀបចំមណ្ឌលព្យាបាល និងមណ្ឌលចត្តាឡីស័កជំនួសអគារសិក្សា ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីត្រៀមបើកសាលារៀនឡើងវិញ - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, September 11, 2021

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចុះពិនិត្យការរៀបចំមណ្ឌលព្យាបាល និងមណ្ឌលចត្តាឡីស័កជំនួសអគារសិក្សា ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីត្រៀមបើកសាលារៀនឡើងវិញ

នៅព្រឹកថ្ងៃសុក្រទី១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំគណៈប្រតិភូ បានអញ្ជើញចុះពិនិត្យមណ្ឌលព្យាបាលជំងឺកូវីដ១៩ ជាអតីតរោងម៉ាស៊ីនកែច្នៃអង្ករ ដែលមិនមានសកម្មភាព នៅអូរត្រាវជូ ភូមិកណ្តោល ឃុំសន្តិភាព និងទីតាំងមណ្ឌលចត្តាឡីស័ក រោងចក្រម្សៅមី នៅគីឡូលេខ៩ ភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន និងបានធ្វើការលើកទឹកចិត្តជំរុញការណែនាំបន្ថែមដល់ក្រុមជាង ដែលកំពុងរៀបចំមណ្ឌលទាំង២ទីតាំងនេះឱ្យបានលឿនតាមស្តង់ដារបច្ចេកទេស ដើម្បីធ្វើការផ្ទេរអ្នកជំងឺកូវីដ១៩ និងអ្នកកំពុងធ្វើចត្តាឡីស័កនៅតាមអគារ សិក្សានានាមកដាក់ក្នុងមណ្ឌលថ្មីទាំងនេះ។


ឯកឧត្តម ងួន រតនៈ បានបញ្ជាក់ថា មណ្ឌលព្យាបាលនិងមណ្ឌលចត្តាឡីស័កទាំង២ទីតាំងនេះ ស្ថិតក្រោមការរៀបចំនិងជួសជុល ដោយក្រុមជាងរបស់នាយឧត្តមសេនីយ៍ ខេង សុមេធ ប្រធានអនុគណៈកម្មការសាងសង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ឋនឹងជំងឺកូវីដ-១៩ ព្រោះទីតាំងទាំង២កន្លែងនេះមានលក្ខណៈសមស្រប ក្នុងការត្រៀមរៀបចំធ្វើជាមណ្ឌលចត្តាឡីស័ក ដែលជំនួសឱ្យទីតាំងអគារសាលារៀនបច្ចុប្បន្ន ដើម្បីត្រៀមបើកដំណើរការឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ ទៅតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡា។ 


ឯកឧត្តម បានបន្តទៀតថា ទីតាំងថ្មីសម្រាប់ជាមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនេះ កំពុងធ្វើការរៀបចំជួសជុល កែលម្អហេដ្ឋារចនាសម្ព័ន្ឋ ជាពិសេសលើបញ្ហាបរិស្ថាននិងអនាម័យជាដើម។ 


ឯកឧត្តម បានបញ្ជាក់ថា សម្រាប់មណ្ឌលព្យាបាលជំងឺកូវីដ១៩ អាចដាក់អ្នកជំងឺបានចំនួន ២៥០០ នាក់ ឬស្មើនឹង ២៥០០គ្រែ ដោយឡែកមណ្ឌលចត្តាឡីស័ក គឺអាចដាក់អ្នកមានការសង្ស័យឆ្លងជំងឺកូវីដ១៩ បានចំនួន៣ ០០០នាក់៕







 

No comments:

Post a Comment

Pages