អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ឧបត្ថម្ភជាថវិកា និងសម្ភារៈដល់រដ្ឋបាលខេត្ត - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, September 11, 2021

អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ឧបត្ថម្ភជាថវិកា និងសម្ភារៈដល់រដ្ឋបាលខេត្ត

នារសៀលថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១  ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ឧបត្ថម្ភជាថវិកា និងសម្ភារៈដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ចូលរួមចំណែកក្នុងការកសាងអគារតេជោព្យាបាលជំងឺកូវីដ-១៩ និងសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ។ 


ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមហ៊ុន និងកាស៊ីណូ ដែលបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ។ 


ឯកឧត្តម អភិបាលខេត្ត បានបន្តថា ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណបងប្អូនសប្បុរសជនដែលបានចូលរួមជាមួយរដ្ឋបាលខេត្ត ស្របពេលដែលខេត្តមានបញ្ហាប្រឈមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មានបងប្អូនសប្បុរសជនបានចូលរួមឆ្លើយតប និងជាវប្បធម៌ចែករំលែកសម្រាប់ខេត្តព្រះសីហនុ ។ ដោយមានការចូលរួមពីបងប្អូនសប្បុរសជនទាំងអស់គ្នាមកដល់ពេលនេះ រដ្ឋបាលខេត្តបានរៀបចំសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ មួយខ្នង កម្ពស់មួយជាន់ ដែលមានទទឹង ៣០ម៉ែត្រ និងបណ្តោយ ៩០ម៉ែត្រ អាចដាក់គ្រែបានជិត ៤០០គ្រែ សម្រាប់ព្យាបាលអ្នកជំងឺស្រាល សាងសង់រយៈពេល ៣ខែ យើងក៏មានអគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ធ្ងន់មួយអគារផងដែរ នៅក្នុងមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ព្រោះជំងឺកូវីដ-១៩ មិនដឹងពេលណាត្រូវបានបិទបញ្ចប់នោះទេ ។ 


ឯកឧត្តម អភិបាលខេត្ត សង្ឃឹម និងជឿជាក់ថា ក្រុមហ៊ុន កាស៊ីណូ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា បងប្អូនសប្បុរសជនក្នុងខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុបន្តទៀត ៕





 

No comments:

Post a Comment

Pages