ព្រឹកថ្ងៃព្រហស្បតិ៍ទី៣០ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្ដក្រចេះ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការត្រៀមបម្រុងសម្រាប់ការងារមនុស្សធម៌ថ្នាក់ខេត្ត ដើម្បីរួមចំណែកក្នុងការបង្កើនចំណេះដឹងមូលដ្ឋានស្តីពីភស្តុភារ ទំនាក់ទំនងផ្នែកភស្តុភារចំពោះប្រតិបត្តិការឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយ និងការអភិវឌ្ឍន៍ ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយថ្នាក់ខេត្ត ក្រោមការដឹកនាំដោយ ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ ដោយមានការសម្របសម្រួល ឯកឧត្តម គីម វីរៈ ទីប្រឹក្សា និងជានាយកគម្រោង នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ព្រមទាំងមានការចូលរួមពីមន្រ្តីបង្គោលមកពីខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ស្វាយរៀង ព្រៃវែង កំពង់ចាម ខេត្តត្បូងឃ្មុំ និងមន្រ្តីតំណាងអង្គការអន្តរជាតិ និងភ្នាក់ងារសហប្រជាជាតិ។


វគ្គបណ្តុះបណ្តាល ត្រូវបានរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) សហការជាមួយ អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងរដ្ឋបាលខេត្តក្រចេះ ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។


គោលបំណងនៃសិក្ខាសាលានេះ ១. បង្កើនការយល់ដឹងអំពីចំនេះដឹងមូលដ្ឋានស្ដីពីភស្តុភារ និងការរៀបចំភស្តុភារមនុស្សធម៌ ២.យល់ដឹងអំពីទំនាក់ទំនងផ្នែកភស្តុភារចំពោះប្រតិបត្តិការ និងការរៀបចំផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយថ្នាក់ខេត្ត ៣.ទទួលបានពង្រាងផែនការសកម្មភាពត្រៀមភស្តុភារមនុស្សធម៌ និងបង្កើតបណ្តាញត្រៀមរៀបចំភស្តុភារមនុស្សថ្នាក់ខេត្ត។ ជាការពិតណាស់សមាសធាតុសំខាន់មួយនៃការគ្រប់គ្រងគ្រោះមហន្តរាយដែលមានប្រសិទ្ធភាពគឺពឹងផ្អែកទាំងស្រុងទៅលើ ខ្សែសង្វាក់ផ្គត់ផ្គង់ជំនួយ និងការត្រៀមលក្ខណៈផ្នែកភស្តុភារដើម្បីទប់ទល់ទៅនឹងឧបទ្ទវហេតុគ្រោះមហន្តរាយ៕