ភ្នំពេញ៖ ឯកឧត្ដម​ ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញបានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោតឲ្យមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ថ្ងៃទី២៦និងថ្ងៃទី ២៧ តុលាខាងមុខនេះ ព្រោះទឹកអាចនឹងឡើងខ្ពស់លិចលង់លំនៅដ្ឋានបងប្អូន។

   

ការអំពាវបែបនេះរបស់​ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើង នៅព្រឹកថ្ងៃទី២៥ តុលានេះ ខណៈដែរលោកចុះត្រួតពិនិត្យនិងដឹកនាំបញ្ជាកម្លាំង ដើម្បីទប់ទំនប់ទំនប់សណ្តស្ទឹងព្រែកត្នោត កុំឲ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ ស្របពេលដែលមាន ការបើទ្វារទឹកពីខេត្តកំពង់ស្ពឺ ធ្វើឲ្យមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បងប្អូនប្រជាពលរដ្ឋរស់នៅសង្កាត់ចំនួន៥នៅក្នុងមូលដ្ឋានខណ្ឌដង្កោ។

    

បន្ថែមពីនេះ ឯកឧត្ដម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការស្នើសុំទៅដល់ក្រសួងធនទឹកនិងឧត្តុនិយម បង្វែរទឹក កុំឲ្យជន់លិចរាជធានីភ្នំពេញ ដោយសារថា ការជន់លិចរាជធានីភ្នំពេញ គឺពិតជាធ្វើអោយខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចធ្ងន់ធ្ងរ ជាងនៅតាមបណ្ដាខេត្តពាក់ព័ន្ធ។

  

ឯកឧត្ដម ឃួង ស្រេងបានបញ្ជាក់ថា យើងមិនបានគេចវេសពីបញ្ហានោះទេ។ ប៉ុន្តែបើ គិតពីបញ្ហាសេដ្ឋកិច្ច ខណៈលិចរាជធានីភ្នំពេញ វាពិតជាធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរជាង នៅតាមខេត្តពាក់ព័ន្ធ។ អញ្ចឹងហើយទើបលោក ស្នើសុំទៅអាជ្ញាធរខេត្តកំពង់ស្ពឺ សូមឲ្យមានការយល់។ ឯកឧត្ដម​បានបញ្ជា ឲ្យមន្ទីរធនធានទឹកនិងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សហការគ្នាធ្វើការងារនេះ ជាមួយមន្ទីរពាក់ព័ន្ធរបស់ខេត្តកំពង់ស្ពឺ ដើម្បីទប់ស្កាត់ឲ្យបាននូវគ្រោះមហន្តរាយនេះ។ ដោយឡែកភ្នំពេញយើង

កន្លះខែកន្លងមកនេះ ទាំងអាជ្ញាធររាជធានីភ្នំពេញទាំងអាជ្ញាធរខណ្ឌបសង្កាត់និងមន្ទីរពាក់ព័ន្ធគឺយើងបានធ្វើកិច្ចការងារនេះយ៉ាង សកម្មដើម្បីទប់ស្កាត់ឲ្យបាននូវគ្រោះមហន្តរាយ បណ្ដាលមកការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនេះ។ បន្ថែមពីលើនេះទៀត លោកក៏បានស្នើសុំទៅកម្លាំង កងអង្គរក្ស នូវកម្លាំងប្រមាណ៥០០នាក់ ដើម្បីជួយអន្តរាគមន៍ធ្វើការងារនេះផងដែរ។ ក្រៅពីនេះក្រសួងធនធានទឹកក៏បានដល់នូវអេស្កាវ៉ាទ័រចំនួន១៥គ្រឿងដាក់លើទីតាំងនេះផងដែរដើម្បី ទប់ទំនប់ ទប់ស្កាត់នូវការលិចលង់នេះ។

  

ឯកឧត្ដម​បញ្ជាក់ទៀតថា ជំនន់ទឹកភ្លៀងនៅតាមស្ទឹងតាមតំបន់ភ្នំ វាពិតជាមិនងាយស្រួលគ្រប់គ្រងបានដូចទឹកទន្លេជន់លិចនោះទេ។ ការបើកទ្វារទឹកនៅខេត្តកំពង់ស្ពឺនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌដង្កោ បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងនេះឲ្យមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ថ្ងៃទី២៦និងថ្ងៃទី ២៧ តុលាខាងមុខនេះ ចំណែកអាជ្ញាធរគឺនៅជាប់ជានិច្ចជាបងប្អូនប្រជាពលរដ្ឋ បានន័យថា មានហានិភ័យអ្វីគឺយើងអាចជួយពួកគាត់បានភ្លាមៗ៕