ភ្នំពេញ÷យុវជនម្នាក់បានរងរបួសធ្ងន់ខណៈដែលជិះម៉ូតូសុខៗតែមានជនសង្ស័យមានគ្នា៥ទៅ៦នាក់បានធ្វើសកម្មភាពធាក់ម៉ូតូបណ្ដាលឲ្យជនរងគ្រោះដួលរងរបួសធ្ងន់នៅខាងមុខអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ហើយជនសង្ស័យបំរុងលើកយកម៉ូតូជនរងគ្រោះតែត្រូវបានសមត្ថកិច្ចចេញមកទាន់ រួចជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់តែម្តង។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ដែលស្ថិតនៅចំខាងមុខអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់C125ពណ៌ក្រហមស៊េរីឆ្នាំ 2022ពាក់ស្លាកលេខភ្នំពេញ1IY 5596ជិះតែម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុីក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុនៅចំខាងមុខអធិការដ្ថាននគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាប់តែមានជនសង្ស័យមានគ្នា៥ ទៅ៦នាក់ ជិះម៉ូតូបីម៉ូតូគ្រឿងមិនចាំម៉ាកបានធ្វើសកម្មភាពធាក់ទៅម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលរងរបួសបែកដៃបែកជើងរលាត់ចង្កេះ ពេលនោះជនសង្ស័យបំរុងលើកយកម៉ូតូរបស់ជនរងគ្រោះ តែត្រូវបានសមត្ថកិច្ចដែលនៅទីនោះឃើញរួចហើយចេញមកដល់ ស្រាប់តែជនសង្ស័យបាននាំគ្នាឡើងជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលអស់តែម្ដង ចំណែកជនរងគ្រោះត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ប្រភពពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមទីតាំងខាងលើបានឲ្យដឹងថា ភាពអសន្តិសុខនៅតាមបណ្តោយផ្លូវខាងលើកើតមានជាហូរហែរ ប៉ុន្តែប្រជាពលរដ្ឋមិនដែលឃើញសមត្ថកិច្ចបង្រ្កាបបានទេមានតែទទួលពាក្យបណ្តឹងទុករួចទុកចោលតែប៉ុណ្ណោះ មិនថាតែករណីឆក់កាបូប ទូរស័ព្ទនោះទេ ថែមទាំងករណីកាច់សោរ .ក ម៉ូតូ ករណីប្លន់ប្លន់យកម៉ូតូទៀតគឺមិនដែលចាប់បានឡើយ នេះហើយជាការព្រួយបារម្មណ៍របស់ប្រជាពលរដ្ឋ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ រងចាំម្ចាស់ចូលមកបំពេញឯកសារយកម៉ូតូត្រលប់ទៅវិញ។
No comments:
Post a Comment